ព័ត៌មានជាតិ

ពូជឈើព្រៃជាង ៥០ប្រភេទ នៅតំបន់ទេសភាពខ្ពង់រាប ភាគខាងកើត នៃខេត្តមណ្ឌលគិរី ផ្តល់ប្រភពទឹកដមដ៏សំខាន់​ សម្រាប់ឃ្មុំ​ព្រៃ​មណ្ឌលគិរី

ភ្នំពេញ ៖ តំបន់ទេសភាព ខ្ពង់រាបភាគខាងកើត នៃខេត្តមណ្ឌលគិរី (EPL) មានពូជឈើព្រៃសំខាន់ជាង ៥០ប្រភេទ ដែលផ្តល់ជាប្រភពទឹកដមដ៏សំខាន់ សម្រាប់ឃ្មុំព្រៃខេត្តមណ្ឌលគិរី ។ នេះបើតាមហ្វេសប៊ុក អង្គការ WWF នាថ្ងៃទី៤ ឧសភានេះ ។

អង្គការ WWF បានឲ្យដឹងថា របកគំហើញនេះ បង្ហាញពី ជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់ និងតួនាទីសំខាន់ដែលដើមឈើទាំងនេះ ដើរតួក្នុងប្រព័ន្ធ អេកូឡូស៊ីក្នុងតំបន់ ។ ការអភិរក្សប្រភេទដើមឈើទាំងនេះ មិនត្រឹមតែការពារជម្រក របស់ឃ្មុំព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ ការពារបរិស្ថាន ទាំងមូលផងដែរ ។

អង្គការ WWF គូសបញ្ជាក់ថា តម្លៃនៃធនធានដ៏សំខាន់នេះ បញ្ជាក់ពីសក្តានុពលសម្រាប់ការ អនុវត្តការប្រមូលទឹកឃ្មុំព្រៃ ប្រកបដោយនិរន្តរភាព និងបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារធនធានធម្មជាតិរបស់យើង ។

ជាមួយគ្នានោះដែរអង្គការ WWF-កម្ពុជា បានសហការជាមួយសហគ្រាសសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ៕

To Top