ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា កិច្ចការងារធ្វើតេស្តរកសារធាតុញៀន ក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងព័ត៌មាន គឺធ្វើឡើងដើម្បីស្របទៅនឹងការអនុវត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល លេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។
លោករដ្ឋមន្ត្រី លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសពាក់ព័ន្ធ នឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំការធ្វើតេស្ត រកសារធាតុញៀន សម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនថា តាមរយៈកិច្ចការងារនេះ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការរៀបចំធ្វើតេស្តរហ័សនៅក្នុងទឹកមូត្រ របស់មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ហើយគណៈកម្មការផ្ទៃក្នុងនេះ គឺង្កើតឡើងដើម្បីពិនិត្យការតវ៉ា បើសិនជាមានបញ្ហាកើតឡើង ចង់អោយមានការធ្វើតេស្តឡើងវិញ គឺអនុវត្តតាមយន្តការរបស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើតេស្តផ្ទៀងផ្ទាត់ឡើងវិញ តើពិតឬយ៉ាងដូចម្តេច។
តាមរយៈរបាយការណ៍លើកឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោម ជាតិ មួយ ចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ច សន្យា សរុបបានចំនួន៥៦,៤៤៥រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹក មូត្រ ចំនួន ៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ។
ជាមួយ ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម, សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព,ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា ៕