បរទេស ៖ តម្លៃជាមធ្យម នៃ អាផាតមិន (Apartment) នៅក្នុងទីក្រុងហុងកុងគឺ មានតម្លៃ ២៥.៨០២ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃខ្ពស់បំផុត នៅអាស៊ី ខណៈដែល Apartment នៅទីក្រុងហាណូយ ប្រទេសវៀតណាម មានតម្លៃ ២.០៦៨ដុល្លារ, នេះបើយោងតាមមគ្គុទ្ទេសក៍អចលនទ្រព្យសកល។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ អចលនទ្រព្យអ៊ឺរ៉ុប បានចេញផ្សាយរបាយការណ៍ស្តីពីការលក់ផ្ទះល្វែង និង ទីផ្សារជួលក្នុងទីក្រុងធំៗចំនួន ១១ នៅអាស៊ី។
របាយការណ៍និះ បានឱ្យដឹងថា គិតត្រឹមខែមេសា តម្លៃនៅហុងកុងគឺ ១,៥ ដងនៃទីក្រុងតៃប៉ិ លំដាប់ទីពីរនៅកោះតៃវ៉ាន់។
នៅទីក្រុងហាណូយ ប្រទេសវៀតណាម មានតម្លៃថ្លៃជាងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ហើយទាបជាងកន្លែងនានាដូចជាទីក្រុងបាងកក ទីក្រុងបុមបៃ, ទីក្រុង ម៉ានីល , ទីក្រុងតូក្យូ និងសិង្ហបុរី។
នៅក្នុងទីផ្សារជួលសម្រាប់ អាផាតមិនមួយបន្ទប់គេង នៅសិង្ហបុរីបានឡើងដល់កំពូលគឺ ៤.៥៩០ដុល្លារ ក្នុងមួយខែ ដែលតាមពីក្រោយដោយហុងកុង និងតូក្យូ។
តម្លៃជួលថោកបំផុត គឺនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា, ទីក្រុងហាណូយស្ថិតនៅលេខរៀងទី១០ មានតម្លៃ៦៨០ដុល្លារ។
យោងតាមមគ្គុទ្ទេសក៍អចលនទ្រព្យសកល គឺថា តម្លៃអាផាតមិននៅក្នុងតំបន់មួយចំនួន នៅអាស៊ីអាគ្នេយ៍មាននិន្នាការ ធ្លាក់ចុះកាលពីឆ្នាំមុន រួមទាំង នៅទីក្រុង ហូជីមិញ (ធ្លាក់ចុះ 1.2%) និងម៉ាឡេស៊ី (1%) ។
ផ្ទុយទៅវិញ តម្លៃនៅក្នុងទីក្រុង ជាច្រើនទៀតដូចជា ទីក្រុងតៃប៉ិ (៥,២%) និងសិង្ហបុរី (២,៧%) ដែលបានកើនឡើង។
មគ្គុទ្ទេសក៍អចលនទ្រព្យសកល បាននិយាយទៀតថា ទីផ្សារលំនៅឋានពិភពលោកកំពុងមានទំនោរទៅរកស្ថិរភាព ខណៈដែលសម្ពាធអតិផរណា បានធូរស្រាល ហើយអត្រាការប្រាក់ បានឈប់កើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសជាច្រើន ៕
ប្រែសម្រួល: ណៃ តុលា