ភ្នំពេញ ៖ លោកស្រី ហេឡេណា មក្លូដ (Helena McLeod) អគ្គនាយិការង នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI) បានកោតសរសើរ ចំពោះសមិទ្ធផលរួម ដែលក្រសួងសម្រេច បានក្នុងភាពជាដៃ គូជាមួយនិង GGGI ។
ការសម្រេចបាននូវសមិទ្ធផលរួមគ្នានេះ គឺបានរួមចំណែកដល់ការកាត់ បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ និងបង្កើតភាពបៃតង និងភាពស្អាតរបស់កម្ពុជា ។
ការលើកឡើងរបស់លោកស្រី ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ក្នុងក្រខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) នៅទីស្តីការក្រសួងនាថ្ងៃទី៨ ឧសភា ។
លើសពីនេះ លោកស្រីអគ្គនាយិការង នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល (GGGI) ក៏បានថ្លែងអរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ លោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ និងតាមដានការអនុ វត្តគម្រោង ហើយថែមទាំង បានផ្តល់នូវគំនិតយោបល់នានា ដើម្បីពង្រីកការអនុវត្ត គម្រោងរហូតទទួលជោគជ័យ។
ស្របនឹងការលើកឡើង របស់លោកស្រី ហេឡេណា មក្លូដ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានថ្លែងអរគុណផងដែរចំពោះ GGGI បានផ្តល់ការគាំទ្របច្ចេកទេសដល់មន្ត្រីគម្រោង ហើយតាមរយៈកិច្ចសហប្រតិបត្តិការ នេះទៀតសោត បានជួយទៅដល់គម្រោងអភិវឌ្ឍនៃបៃតងដូចជា Eu-Switch Garment ដែលជាវិធានប្រតិបត្តិមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ការប្រែប្រួលអាកាសធាតុ។
លើសពីនេះ GGGI ក៏បានគាំទ្រសកម្មភាព អភិវឌ្ឍន៍គម្រោងបៃតង របស់ក្រសួងបរិស្ថាន និងបានចូលរួមគាំទ្រ ដល់យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំឈប់ប្រើប្លាសិក» យុទ្ធនាការដាំកូនឈើជាង ១លានដើមក្នុង១ឆ្នាំៗ និង ចូលរួមអភិវឌ្ឍគម្រោង ស្តារអាងទន្លេសាបនាពេលថ្មីៗនេះផងដែរ ៕