ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ប្រាក់រង្វាន់លើកទឹកដល់សមត្ថកិច្ច ចំនួន១៣.១៨៣.២៦០.០០០រៀល ជូនដល់អង្គភាពមានសមត្ថកិច្ច និងមន្ដ្រីអនុវត្តច្បាប់ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន មានបរិមាណចាប់ពី ១០០ក្រាមឡើងទៅ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ និងលើកទី៤។
យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល អានដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល និងជា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានរំលឹកថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។ដោយឡែក លើកទី៤ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មានប្រសាសន៍ថា «សម្រេច ត្រូវបានផ្ដល់ប្រាក់រង្វាន់លើកទឹក ចំនួន១៣.១៨៣.២៦០.០០០រៀល ជូនដល់អង្គភាពមានសមត្ថកិច្ច និងមន្ដ្រីអនុវត្តច្បាប់ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន មានបរិមាណចាប់ពី ១០០ក្រាមឡើងទៅ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ និងលើកទី៤»។
លោកបន្ដថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៣ ថវិកាត្រូវផ្ដល់ជូន ចំនួន១.៧១៨.០៨១.០០០រៀល ត្រូវបានផ្ដល់ជូនអង្គភាពមានសមត្ថកិច្ច ចំនួន៥៩អង្គភាព។ដោយឡែក ថវិកាចំនួន៤.៣៩៧.០៣៩.០០០រៀល ត្រូវបានផ្ដល់ជូនមន្ដ្រីអនុវត្តច្បាប់ ចំនួន៩០៨នាក់ ផងដែរ។
លោកបន្ថែមថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៤ ថវិកាត្រូវផ្ដល់ជូន ចំនួន២.១១៩.៥៨៧.៩៥៥រៀល ត្រូវបានផ្ដល់ជូនអង្គភាពមានសមត្ថកិច្ច ចំនួន៧២អង្គភាព។ដោយឡែក ថវិកាចំនួន ៤.៩៤៨.២៨២.០៤៥រៀល ត្រូវបានផ្ដល់ជូនមន្ដ្រីអនុវត្តច្បាប់ ចំនួន១.៣១៦នាក់ ផងដែរ។
លោកបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្តដែលត្រូវផ្ដល់ជូនអង្គភាពមានសមត្ថកិច្ច និងមន្ដ្រីអនុវត្តច្បាប់ ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ពី១០០ក្រាមឡើងទៅ ត្រូវបានបញ្ជូលទៅក្នុងគណនីធនាគាររបស់អង្គភាពនីមួយៗ និងបុគ្គលម្នាក់ៗ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ លើកឡើងថា អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ មានភារកិច្ចសម្របសម្រួល រៀបចំបែបបទ ផ្ទេរសាច់ប្រាក់ដែលជារង្វាន់លើកទឹកចិត្ត ចូលក្នុងគណនីធនាគាររបស់អង្គភាពមានសមត្ថកិច្ចនិងមន្ដ្រីអនុវត្តច្បាប់ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ពី១០០ក្រាមឡើងទៅ តាមបញ្ជីឧបសម្ព័ន្ធ ដែលរៀបចំឡើងដោយលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់៕
ដោយ៖ អេង ប៊ូឆេង