ព័ត៌មានអន្តរជាតិ

អាមេរិក បន្ថែម​អង្គភាព​ចិន ​ចំនួន ៣៧ ទៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម ​ជុំវិញ​បញ្ហា​សន្តិសុខ

Kyodo

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបន្ថែមអង្គភាពរបស់ចិនចំនួន ៣៧ ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម របស់ខ្លួន ដោយលើកឡើង ពីការព្រួយបារម្ភផ្នែកសន្តិសុខជាតិ ដោយ ១១ ក្នុងចំណោមពួកគេ ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនង ជាមួយបាឡុងចារកម្ម ដែលសង្ស័យ ដែលបានហោះពីលើតំបន់រសើប នៃសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ។

អង្គភាពនានា រួមទាំងក្រុមហ៊ុន និងស្ថាប័នស្រាវជ្រាវក្នុងបញ្ជី ត្រូវបានដាក់កម្រិតក្នុងការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិក ហើយត្រូវតែទទួលបានការយល់ព្រមពីក្រសួងពាណិជ្ជកម្ម មុនពេលទទួលបានទំនិញ និងបច្ចេកវិទ្យាពីពួកគេ។

ក្នុងចំណោមអង្គភាពចំនួន ៣៧ នាយកដ្ឋានបានឲ្យដឹងថា ២២ ត្រូវបានដាក់ក្នុងបញ្ជី សម្រាប់ការផ្សារភ្ជាប់របស់ពួកគេ ទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការធ្វើឱ្យប្រសើរឡើង នូវបច្ចេកវិទ្យា quantum និងសម្រាប់ការទទួលបាន ឬស្វែងរកការទិញទំនិញ ដែលមានប្រភពដើមពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាព Quantum របស់ប្រទេស។

ប្រភពបានឲ្យដឹងថា ពួកគេមួយចំនួនក៏ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងភាពជឿនលឿន នៅក្នុងកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសចិន ឬបានចូលរួមក្នុងការនាំចេញវត្ថុ ដែលបានគ្រប់គ្រងទៅកាន់ប្រទេសរុស្ស៊ី បន្ទាប់ពីសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មសម្រាប់ឧស្សាហកម្ម និងសន្តិសុខ លោក Alan Estevez បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពថ្ងៃនេះគឺជាជំហានសម្រេចចិត្តមួយផ្សេងទៀតក្នុងការដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយសាធារណរដ្ឋប្រជាមានិតចិន និងទំនើបកម្មយោធារបស់ខ្លួន” ។

លោកបានលើកឡើងថា សហរដ្ឋអាមេរិកត្រូវតែរក្សាការប្រុងប្រយ័ត្នក្នុងការរារាំងអង្គភាពបែបនេះពីការចូលប្រើបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដែលអាចប្រើដើម្បីធ្វើឱ្យខូចសន្តិសុខជាតិរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top