ភ្នំពេញ៖ បន្ទាប់ពីក្រសួងសុខាភិបាល សម្រេចបិទ KTV និងរោងភាពយន្តទូទៅប្រទេស ចាប់ពីថ្ងៃ១៧ មីនា រហូតដល់ ជម្ងឺកូវីដ-19 បានធូរស្រាលនោះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណាបានសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភ ផ្តល់ជាកញ្ចប់ថវិកា កំរិតណាមួយ ដល់បងប្អូនបុគ្គលិកនិយោជិត ដើម្បីជួយសម្រាលនូវទុក្ខលំបាក របស់ពួកគាត់។
ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ លោក ប៉ាវ ស៊ីណា បានសរសេរនៅលើ គេហទំព័រហ្វេសប៊ុកថា “ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើអោយបុគ្គលិក និយោជិត បំរើការងារនៅតាមក្លឹបកំសាន្ត (ខារ៉ាអូខេ ) និងនៅតាមរោងភាពយន្តនានា ក្នុងប្រទេសកម្ពុជារាប់ពាន់នាក់ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ដោយគ្មានកំណត់ ពេលវេលា គឺពឹងផ្អែកលើស្ថានភាពៃជំងឺកូវីដ១៩ ។ ច្បាស់ណាស់ថា ការផ្អាកការងារនេះ និងធ្វើអោយបុគ្គលិកនិយោជិតទាំងអស់ នៅក្នុងវិស័យនេះ នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះសេដ្ឋកិច្ចក្រុមគ្រួសារ របស់ពួកគាត់ ។
ក្នុងកាលៈទេសៈដ៏លំបាកនេះ ខ្ញុំសូមសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភ ផ្តល់ជាកញ្ចប់ថវិកាកំរិតណាមួយ ដល់បងប្អូនបុគ្គលិក និយោជិត ដើម្បីជួយសម្រាលនូវទុក្ខលំបាក របស់ពួកគាត់”៕