ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ អំពាវនាវឱ្យបញ្ចប់បេសកកម្ម ជំនួយរបស់អង្គការសហប្រជាជាតិ នៅចុងឆ្នាំ២០២៥

AFP

បាកដាដ៖ រដ្ឋាភិបាលអ៊ីរ៉ាក់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ាក់បានស្នើសុំការបញ្ចប់ បេសកកម្មជំនួយរបស់អង្គការ សហប្រជាជាតិសម្រាប់អ៊ីរ៉ាក់ (UNAMI) នៅចុងឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍ដែលចេញដោយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់នាយករដ្ឋមន្ត្រី Mohammed Shia al-Sudani បានឲ្យដឹងថា ផ្អែកលើការរកឃើញដោយក្រុមត្រួតពិនិត្យ យុទ្ធសាស្ត្រឯករាជ្យ ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិ សំណើរបស់អ៊ីរ៉ាក់ សម្រាប់ UNAMI បញ្ចប់ត្រឹមឆ្នាំ២០២៥ គឺជាពេលវេលាគ្រប់គ្រាន់ សម្រាប់ការបិទប្រកបដោយការទទួលខុសត្រូវ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋាភិបាលអ៊ីរ៉ាក់រំពឹងថា នឹងមានដំណោះស្រាយក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ នៅចុងខែឧសភា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ប្រទេសអ៊ីរ៉ាក់ និងអនុសាសន៍របស់ក្រុម ត្រួតពិនិត្យយុទ្ធសាស្ត្រឯករាជ្យ។

UNAMI គឺជាបេសកកម្មនយោបាយពិសេសមួយ ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៣ ដោយដំណោះស្រាយ ១៥០០ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។

អាណត្តិរបស់វា គឺដើម្បីផ្តល់អាទិភាពដល់ការផ្តល់ដំបូន្មាន ការគាំទ្រ និងជំនួយដល់រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ាក់ ក្នុងការជំរុញឱ្យមានកិច្ចសន្ទនាផ្នែកនយោបាយ និងការផ្សះផ្សាជាតិ និងកម្រិតសហគមន៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top