ព័ត៌មានជាតិ

សេចក្ដីព្រាង គោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៤នេះ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងបញ្ចប់សេចក្ដីព្រាង គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការងារវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃ១៣ ឧសភា ដោយអញ្ជើញជាវត្តមាន ដោយផ្ទាល់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ ព្រមទាំងប្រធានមន្ទីរ និងអនុប្រធាននៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបាន ខិតខំប្រឹងប្រែងធ្វើការវិភាគមុខងារថ្មីរបស់ក្រសួង ដោយទទួលបានលទ្ធផលជាវិជ្ជមាន ដើម្បីធានាឲ្យសម្រេចនូវចក្ខុវិស័យរបស់ក្រសួង គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជន នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

រដ្ឋមន្ត្រីបន្ដថា មុខងារថ្មីរបស់ក្រសួង នឹងធានាបានដល់ការបំពេញតួនាទី ភារកិច្ច ដើម្បីបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព តាមរយៈការចាត់តាំងមន្ដ្រីឲ្យត្រូវតាមចំណេះដឹង ជំនាញបច្ចេកទេស និងមានចំនួនគ្រប់គ្រាន់ ស្របតាមគោលការណ៍កំណែទម្រង់ រដ្ឋបាលសាធារណៈ និងចូលរួមសម្រេចបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

លើសពីនេះទៀត លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារចំពោះកិច្ច ដាក់បញ្ចូលធាតុចូលថ្មីៗបន្ថែមទៀត ដែលទទួលបាននាឱកាសនេះ និងត្រូវរៀបចំឲ្យស្របទៅតាម ទម្រង់ឯកសារណែនាំ របស់ក្រសួងមុខងារសារណៈ៕

To Top