ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព៏ត៌មាន បានលើកឡើងថា បន្ទប់សុខភាពមន្ត្រី ជាផ្នែកមួយក្នុងក្របខណ្ឌ នៃការផ្តល់ការគាំពារ ដល់មន្ត្រីនៃក្រសួងព័ត៌មាន ក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋម ដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាព ជាយថាហេតុនៅក្នុងអំឡុងពេល នៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច។
ការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព៏ត៌មាន ក្នុងឱកាសនៃការប្រកាសដាក់ឱ្យប្រើប្រាស់ «បន្ទប់សុខភាពមន្ត្រី» នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ ការគាំពារមន្ត្រីដែលជាផ្នែកមួយ ដើម្បីឱ្យមន្ត្រីមានសុខភាពល្អ និងជួយសម្រាលការចំណាយរបស់មន្ត្រី។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សុខភាពន្ត្រីជាកត្តាសំខាន់ដែលក្រសួងព័ត៌មាន បានយកចិត្តទុកដាក់។ បន្ថែមពីការគាំពាររបស់រាជរដ្ឋាភិបាល តាមរយៈបេឡាសន្តិសុខសង្គម ប.ស.ស, ក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែង ក្នុងការផ្តល់ការគាំពារសុខភាពមន្ត្រី ដោយស្វះស្វែងរកដៃគូ ក្នុងការបញ្ចុះតម្លៃការពិនិត្យសុខភាព របស់មន្ត្រីនិងក្រុមគ្រួសាររបស់គាត់ ក៏ដូចជាជូនដល់អ្នកកាសែត ដែលបានចុះបញ្ជីត្រឹមត្រូវ ជាមួយមជ្ឈមណ្ឌលវិភាគវេជ្ជសាស្ត្រប៊ូយ៉ូមេឌិក។
លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងក៏បានផ្តល់ការឧបត្ថម្ភអង្ករនិងគ្រឿងឧបភោគបរិភោគប្រចាំខែ ដល់មន្ត្រីដែលជួបការលំបាក ក្នុងជីវភាពប្រមាណ ៣០០ នាក់ ក្នុងមួយខែៗ។
បន្ទប់សុខភាពមន្ត្រី ដែលជាផ្នែកនៃការផ្តល់ប្រឹក្សា ដល់មន្ត្រីមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំការដែលមន្ត្រីដែលមានបញ្ហាសុខភាពអាចមកទទួលសេវា ដោយមិនគិតថ្លៃ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រដែលដឹកនាំ ដោយលោកវេជ្ជបណ្ឌិត សៅ សំបូរ និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង និងជួយដល់ក្រសួងព័ត៌មាន ក្នុងការរៀបចំបន្ទប់សុខភាពមន្ត្រីសម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ក្រសួងព័ត៌មាន បាននិងកំពុងរៀបចំទារកដ្ឋាន សម្រាប់ មន្ត្រីជាស្ត្រី និងកូនៗ របស់មន្ត្រីផងដែរ៕