ព័ត៌មានអន្តរជាតិ

ពលរដ្ឋប៉ាឡេស្ទីន ប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូ ដើម្បីប្រារព្ធខួបលើកទី៧៦ នៃការផ្លាស់ទីលំនៅ

Kyodo

តូក្យូ៖ មនុស្សប្រហែលមួយពាន់នាក់ រួមទាំងពលរដ្ឋប៉ាឡេស្ទីន និងអ្នកគាំទ្ររបស់ពួកគេ បានប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូ កាលពីថ្ងៃពុធ ដើម្បីរំលឹកខួបលើកទី៧៦ ចាប់តាំងពីប៉ាឡេស្ទីនត្រូវបានបង្ខំឱ្យចាកចេញពីស្រុកកំណើតរបស់ពួកគេ ដើម្បីបើកផ្លូវ សម្រាប់ការបង្កើតអ៊ីស្រាអែល។

ការតវ៉ាស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅទូទាំងពិភពលោកចំពេលមានសង្រ្គាមដ៏ឃោរឃៅនៅតំបន់ហ្គាហ្សា ដែលត្រូវបានគេឃើញជនជាតិប៉ាឡេស្ទីនជាង ៣៥,០០០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលក្នុងការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។

ពាក្យ Nakba ដែលមានន័យថា “មហន្តរាយ” ជាភាសាអារ៉ាប់ ត្រូវបានប្រជាជនប៉ាឡេស្ទីនមើលឃើញថា ជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ នៅពេលដែលមនុស្សប្រហែល ៧០ម៉ឺននាក់ត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេក្នុងឆ្នាំ១៩៤៨។ Nakba Day ត្រូវបានប្រារព្ធនៅថ្ងៃទី១៥ ខែឧសភា មួយថ្ងៃបន្ទាប់ពីថ្ងៃឯករាជ្យរបស់អ៊ីស្រាអែល។

ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅតំបន់ Shinjuku នៃរដ្ឋធានី បានកាន់ស្លាកសញ្ញាសរសេរជាភាសាជប៉ុន និងអង់គ្លេស អំពាវនាវឱ្យមានការរំដោះប៉ាឡេស្ទីន និងបទឈប់បាញ់នៅហ្គាហ្សា។

អ្នករៀបចំកម្មវិធីបានឲ្យដឹងថា មួយចំនួនធំបានកាន់រូបសោរ ដែលជានិមិត្តរូបនៃកូនសោ ដែលគ្រួសារជាច្រើននៅតែមាន សម្រាប់ផ្ទះដែលពួកគេត្រូវបានបណ្តេញចេញពីប្រទេសប៉ាឡេស្ទីនជាប្រវត្តិសាស្ត្រ។

លោកស្រី Hanin Siam អាយុ ២៧ឆ្នាំជាអ្នកស្រុកហ្គាហ្សា កើតក្នុងប្រទេសជប៉ុនបានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកទៅកាន់ហ្វូងមនុស្សនៅខាងក្រៅស្ថានីយ៍ JR Shinjuku ថា “ការចងចាំនៃមាតុភូមិរបស់យើង និងសិទ្ធិក្នុងការវិលត្រឡប់មកវិញ គឺរស់នៅក្នុងចិត្ដរបស់ពួកយើងជានិច្ច ដោយស្រែកថា “ក្មេង​នៅ​ចាំ ក្មេង​នៅ​តែ​តស៊ូ​”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top