ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលស្គាល់ ចំពោះការលើកឡើងថា ឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា នឹងត្រូវបានកាត់បន្ថយ ពេលព្រែកជីកហ្វូណនតេជោ ចេញជារូបរាង ។
ថ្លែងក្នុងវីដេអូ ជាង១ម៉ោង ពាក់ព័ន្ធព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចត្រូវតែនិយាយចាប់ពីពេលនេះទៅ ដើម្បីជំរុញទៅលើការអនុវត្តន៍ជាក់ស្តែង ទៅលើបញ្ហាការដឹកជញ្ជូនផ្លូវទឹកនេះ នឹងសូមឱ្យប្រជាពលរដ្ឋខ្មែរ មើលឱ្យហួសពីព្រំដែននៃផលចំនេញ ខាងសេដ្ឋកិច្ចនិងសង្គម ទៅជាផលចំនេញនៃឯករាជ្យខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនផ្លូវទឹកនេះ។
សម្តេចតេជោ បញ្ជាក់ថា «មានជនបរទេសមួយចំនួន បានចាប់ផ្តើមសរសេរហើយ ខ្ញុំគិតថាគេសរសេរត្រូវ គេថាប្រសិនបើកម្ពុជាជីកបានព្រែកជីកនេះ (ព្រែកជីកហ្វូណនតេជោ) ឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា នឹងត្រូវបានកាត់បន្ថយ វាជារឿងពិតខ្ញុំទទួលស្គាល់ ព្រោះកាលណាយើងពឹងដង្ហើម ពឹងផ្លូវរបស់គេ ជំពាក់ត្រូវតែសម្រុះសម្រួល គេទារថ្លៃយើងឱ្យថ្លៃ ប៉ុន្តែមិនដល់កម្រិតគេទាមទារមិនសមហេតុ សមផលនោះទេ»។
សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕