ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការមិនប្រើប្រាស់កោះតៃវ៉ាន់ ជាឧបករណ៍ ដើម្បីទប់ស្កាត់ប្រទេសចិន ហើយឈប់ប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ។
អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពី “ការអបអរសាទរ” របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ចំពោះមេដឹកនាំថ្មីរបស់តំបន់តៃវ៉ាន់។
អ្វីដែលសហរដ្ឋអាមេរិក បានធ្វើបានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ និងរំលោភលើការប្តេជ្ញាចិត្តនយោបាយ របស់ខ្លួនក្នុងការរក្សាបានតែទំនាក់ទំនងវប្បធម៌ ពាណិជ្ជកម្ម និងទំនាក់ទំនងក្រៅផ្លូវការ ផ្សេងទៀតជាមួយតំបន់តៃវ៉ាន់។
លោកបន្ដថា នេះជាសញ្ញាខុសយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ប្រទេសចិនមិនពេញចិត្ត និងប្រឆាំងនឹងវា ហើយបានធ្វើការតំណាង យ៉ាងធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅលើពិភពលោកមានចិនតែមួយ។ តៃវ៉ាន់ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។ សំណួរតៃវ៉ាន់ គឺជាចំណុចស្នូលនៃ ផលប្រយោជន៍ស្នូលរបស់ចិន ហើយជាបន្ទាត់ក្រហមដំបូងគេ ដែលមិនត្រូវឆ្លងកាត់នៅក្នុង ទំនាក់ទំនងរវាងប្រទេសចិន-អាមេរិក។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះអន្តរកម្មជាផ្លូវការ ក្នុងទម្រង់ណាមួយរវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក ហើយប្រឆាំងនឹងការជ្រៀតជ្រែករបស់ សហរដ្ឋអាមេរិកក្នុងកិច្ចការតៃវ៉ាន់ក្នុងទម្រង់ណាមួយ ឬក្រោមលេសណាមួយ” ៕
ប្រែសម្រួល ឈូក បូរ៉ា