ព័ត៌មានអន្តរជាតិ

ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ប្ដេជ្ញាបង្កើន​ចំណង​មិត្តភាព​ នៅ​មុន​ខួប​លើក​ទី​៦០ នៃទំនាក់ទំនងការទូតទ្វេភាគី

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាថា នឹងខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងត្បូង បន្ថែមទៀតនៅមុនខួបលើកទី៦០ នៃការធ្វើឱ្យមានទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំក្រោយក្នុងអំឡុងពេលកិច្ចពិភាក្សា ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០ របស់ពួកគេ មេដឹកនាំទាំងពីរក៏បានយល់ព្រម ធ្វើការជាមួយគ្នាក្នុងការដោះស្រាយ ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ចំពេលបរិយាកាសសន្តិសុខ ក្នុងតំបន់កាន់តែមិនស្ថិតស្ថេរ។

នៅដើមដំបូងនៃកិច្ចប្រជុំនេះ លោក គីស៊ីដា បានប្រាប់ Yoon ថា ជប៉ុន នឹងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងត្បូង ឱ្យកាន់តែស៊ីជម្រៅ ដើម្បីដោះស្រាយបញ្ហាសកល ខណៈកំពុងព្យាយាមសម្រេចបាន នូវឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ដែលជាចក្ខុវិស័យដែលគាំទ្រដោយទីក្រុងតូក្យូ ក្នុងគោលបំណងបិទបាំង ដើម្បីប្រឆាំងនឹងប្រទេសចិន។

លោក Yoon បានលើកឡើងថា កូរ៉េខាងត្បូងនឹងបន្តធ្វើការផ្លាស់ប្តូរកម្រិតខ្ពស់ ជាមួយប្រទេសជប៉ុនក្នុងវិស័យដូចជា ហិរញ្ញវត្ថុ ឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា លោក គីស៊ីដា និងលោក Yoon ដែលបានជួបគ្នានៅទីក្រុងសេអ៊ូល ក្នុងដំណើរការកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃច័ន្ទ ដែលមានការចូលរួមពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន បានបញ្ជាក់ជាថ្មីពីភាពចាំបាច់ នៃការពង្រឹងទំនាក់ទំនងសន្តិសុខ របស់ប្រទេសរបស់ពួកគេជាមួយ សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top