ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់បញ្ជា ដល់អាជ្ញាធរ ខេត្តបន្ទាយមានជ័យ ត្រូវចាត់វិធានការស្រាវជ្រាវ និង បង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងជួលទាំងឡាយណា មានលក្ខណៈអំណោយផល ដល់ការប្រព្រឹត្តបទល្មើស លួចលាក់កែច្នៃគ្រឿងញៀន ។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-27_16-15-36-1024x682.jpg)
នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ និងផ្ដល់អនុសាសន៍ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងក្នុងបរិវេណបញ្ជាការដ្ឋានវរៈនគរបាលការពារព្រំដែនគោក លេខ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ក្បែរព្រំដែនកម្ពុជា ថៃ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាល ខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធសម្រេចបាន ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-27_16-15-42-1024x682.jpg)
ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារនេះ លោក ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយផ្ដោតលើមុខព្រួញ២ គឺការពង្រឹងការងារក្នុងសមត្ថកិច្ចផ្ទៃក្នុងខេត្ត និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-27_16-15-46-1024x682.jpg)
ក្នុងក្របខណ្ឌផ្ទៃក្នុងខេត្ត លោកឧបនាយករដ្ឋមន្ដ្រី បានណែនាំឱ្យបន្តយកចិត្តទុកដាក់ធានា ឱ្យបានជាដាច់ខាតលើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងចំណោមមន្រ្តី និងកម្លាំង ស្របតាមទិសស្លោកដឹកនាំ សម្អាតផ្ទះយើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ដូចបានអនុវត្តតាំងពីដើមនីតិកាលទី៧មក មន្ត្រីក្រសួងមហាផ្ទៃ ទាំងរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ គឺត្រូវតែបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ ដោយគ្មានការយោគយល់អ្វីទាំងអស់ ប្រសិនបើរកឃើញមានសាធាតុញៀន ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-27_16-15-50-1024x682.jpg)
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាប ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងជួលទាំងឡាយណា ដែលមានលក្ខណៈអំណោយផល ដល់ការប្រព្រឹត្តបទល្មើសលួចលាក់ កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញស៊ើបអង្កេត ឈានទៅបង្ក្រាឱ្យអស់នូវខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោលដៅនៃការបង្កប់ លួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ស៊ើបអង្កេតនិងការផ្លាស់ប្ដូរបទពិសោធន៍ ពីព្រោះបញ្ហាគ្រឿងញៀនគឺសុទ្ធតែជាភារកិច្ចស្នូល ដែលប្រទេសទាំងពីរ មានគោលដៅរួមដូចគ្នា។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-27_16-15-56-1024x682.jpg)
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ច បានបង្ក្រាបករណីគ្រឿងញៀន បានប្រមាណ ៣តោន ថយចុះជាង ៨០ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលមានជាង ១៤តោន។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៣ ៦២០ករណី ឃាត់ខ្លួន ៨ ៩២៥នាក់។ ចាប់តាំងពីដើមនីតិកាលទី៧ មក លោក ស សុខា បានកំណត់យកការងារអាទិភាពចំនួន៦ ក្នុងនោះដំបូងគេ ទី១. គឺការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងចុងក្រោយគេ ទី៦. គឺការពង្រឹងសន្តិសុខតាមបណ្ដាព្រំដែនគោក និងទឹក៕
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-27_16-16-00-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-27_16-16-04-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)