ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការ អន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លួវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” កាលពីរសៀលថ្ងៃ២៧ ឧសភា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មប្រឹក្សាវិស្វកម្មអន្តរជាតិចិន (China International Engineering Consulting Corporation – CIECC) ដឹកនាំដោយលោកស្រី Jiang Fuhua នាយិកាមជ្ឈមណ្ឌលស្រាវជ្រាវរបស់ CIECC ស្ដីពីគម្រោងព្រែកជីកហ្វូណនតេជោ។
ក្នុងអង្គប្រជុំក៏មានការអញ្ជើញចូលរួមផងដែរ ពីក្រសួងនិង ខេត្តពាក់ព័ន្ធ ព្រមទាំងមន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងអ្នកជំនាញការជាច្រើនរូប នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្ដល់ព័ត៌មានលម្អិតនានា អំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទៅគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ដើម្បីពិនិត្យត្រៀមរៀបចំ អនុវត្តនីតិវិធីបន្ទាប់សំដៅយ៉ាងណា ជំរុញដល់ការបើកការដ្ឋាននៃគម្រោងនេះឲ្យបានឆាប់រហ័ស។
លោក ស៊ុន ចាន់ថុល បានពន្យល់លោកស្រី Jiang Fuhua និងអង្គប្រជុំកាន់ តែលម្អិតបន្ថែមទៀត អំពីគម្រោងព្រែក ជីកហ្វូណនតេជោ រួមមានភូមិសាស្រ្ត នៃតម្រាយខ្សែផ្លូវទឹកធម្មជាតិ របស់គម្រោងដែលជាតម្រាវផ្លូវទឹក បុរាណបានបន្សល់ទុកស្រាប់ និង ធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់ បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគ ជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារ ព្រែកជីក និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ។ តាមរយៈសន្ទះផ្លូវទឹកចំនួន ៣កន្លែង ដែលគ្រោងនឹងសាងសសង់ស្ថិត នៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប អាចធានាបានប្រសិទ្ធភាពក្នុង ការទប់ស្កាត់ការជ្រៀតចូល នៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិង អត្រានៃរំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្របាន ដោយមិនអាចបង្កឲ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ ។
លោកថា ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹង ចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយ ទឹកជំនន់នៅកម្ពុជា និងអាចការពារមិនឲ្យមានទឹកជំនន់ ពីកម្ពុជាហូរចូលវៀតណាម ។ ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គ ទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូប ក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មាន ទំហំ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណន នឹងប្រើប្រាស់ទឹកត្រឹមតែ៥ម៉ែត្រគូប ក្នុងមួយវិនាទី(5m3/s)ប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%។
សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធលទ្ធផល រួចរាល់ដោយបានប្រើប្រាស់ រយៈពេលសរុប២៦ខែ គ្រោងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារ។ តាមសិក្សា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងកែប ៕