បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃចន្ទបានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច អនុញ្ញាតឱ្យទីក្រុងគៀវ វាយប្រហារគោលដៅយោធា នៅក្នុងប្រទេសរុស្ស៊ីជាមួយនឹង អាវុធចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ ដោយលោកខាងលិចក្នុងការការពារស្វ័យការពារ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Zelenskyy បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ក្នុងអំឡុងពេលទស្សនកិច្ច កាលពីថ្ងៃចន្ទនៅទីក្រុងម៉ាឌ្រីដថា “យើងត្រូវពង្រឹងការងាររួមគ្នារបស់យើង ជាមួយដៃគូរបស់យើងដើម្បី សម្រេចឱ្យបានកាន់តែច្រើន។
លោក Zelenskyy បាននិយាយទៀតថា “យើងត្រូវធ្វើការជាមួយគ្នា និងដាក់សម្ពាធមិនត្រឹមតែលើរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើដៃគូរបស់យើងផងដែរ ដើម្បីផ្តល់ឱកាសឱ្យយើងការពារខ្លួនប្រឆាំងនឹងរុស្ស៊ី” ដោយបន្ថែមថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារ ពីលើអាកាសដើម្បីការពារខ្លួនពី ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។
លោកបានបន្ថែមថា “សូម្បីតែដៃគូដែលខ្លាចក្នុងការផ្តល់នេះ ឬដំបូន្មាននោះ ក៏គួរតែយល់ថា ការការពារដែនអាកាស គឺជាការការពារ មិនមែនការវាយប្រហារនោះទេ” ដោយចង្អុលបង្ហាញថា អ៊ុយក្រែនត្រូវបានវាយប្រហារដោយ គ្រាប់បែកពីលើអាកាសចំនួន ៣.០០០ គ្រាប់ក្នុងមួយខែៗ ៕
ប្រែសម្រួលៈ ណៃ តុលា