ភ្នំពេញ-សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ទៅកាន់សមុទ្រខាងកើត កាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដែលពាក់ព័ន្ធនឹងយន្តហោះបំបាំងកាយកម្រិតខ្ពស់ និងចំពេលមានដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីកម្ពុជា ផងដែរ។
អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញនូវអ្វីដែលសន្មតថា ជាមីស៊ីលរយៈចម្ងាយខ្លី ដែលបានបាញ់ចេញពីទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Wonsan នៅម៉ោង៣និង១០ រសៀល ឆ្ពោះទៅសមុទ្រខាងកើត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់។
ការបាញ់នោះទៀត ត្រូវគេកត់សម្គាល់ថា ធ្វើឡើងក្នុងពេលដំណើរបំពេទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។
នៅពេលទាក់ទងសុំការអត្ថាធិប្បាយបន្ថែមជុំវិញ បញ្ហានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបដិសេធ ដោយឱ្យទៅសួរ លោក ហ្ស៊ង់ហ្រ្វង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស។ លោក តាន់ បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះឡើយ ដោយបានអះអាងថា លោកបានធ្វើសន្និសីទកាសែតរួចហើយ ក្រោយបញ្ចប់ទស្សនកិច្ចភ្លាមៗ នៅពេលមកដល់ នាឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
យ៉ាងណាក៏ដោយ អ្នកជំនាញទំនាក់ទំនងអន្តរជាតិកម្ពុជា មួយរូប បានថ្លែងការកត់សម្គាល់ថា លោក មិនគាំទ្រការបង្កហេតុណាមួយ ដោយកូរ៉េខាងជើងនោះទេ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងនៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះថា “ជំហររបស់កម្ពុជា មិនមានការផ្លាស់ប្តូរទេ គឺរំមែងតែងចង់ឃើញសន្តិភាព នៅឧបទ្វីបកូរ៉េ។ ហើយយើងប្រឆាំងដាច់ខាតហើយការរីកសាយអាវុធនុយក្លេអ៊ែរ អាវុធមហាប្រល័យផ្សេងៗទៀត រហូតដល់កម្ពុជា មានចារឹក នៅក្នុងរដ្ឋធម្មនុញ្ញទៅទៀត”។
លោក គិន ភា
លោកបណ្ឌិត បន្ថែមថា “ថ្វីបើកម្ពុជា មានទំនាក់ទំនងផ្លូវការទាំងជាមួយកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដូចគ្នា ក៏ប៉ុន្តែកម្ពុជា មិនប្រថ្នាចង់ឃើញអរិភាពរវាងប្រទេសទាំងពីរទេ គឺចង់ឃើញឧបទ្វីបកូរ៉េមួយ ដែលមានសន្តិភាព មានស្ថិរភាព ដែលនាំឱ្យមានការអភិវឌ្ឍនៅក្នុងក្របខណ្ឌតំបន់ទាំងមូល ពីព្រោះបើក្នុងតំបន់មានអស្ថរិភាព អសន្តិភាព គឺយើងនឹងពិបាកស្វែងរកការអភិវឌ្ឍណាស់”។
JCS បាននិយាយថា “មីស៊ីលកូរ៉េខាងជើង បានហោះបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ហើយបានចុះចតនៅសមុទ្រខាងកើត” ។
យោធាកូរ៉េខាងត្បូងបានបរិហារការបាញ់កាំជ្រួចចុងក្រោយនេះថាជា “ទង្វើបង្កហេតុ” ដែលគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ ហើយបានប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង៕
ដោយ៖ សយ សុភា