ភ្នំពេញ៖ ក្រុមហ៊ុន សហគ្រាស ទទួលយកសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ចូលហាត់ការ និងធ្វើការងារ ពីព្រោះវិស័យឯកជនទាំងនោះមានភាពជឿទុកចិត្តមកលើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧មួយនេះ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។
![](https://dap-news.com/wp-content/uploads/2024/05/photo_2024-05-31_16-37-38.jpg)
លោក កត្តា អ៊ន បញ្ជាក់បន្ថែមថា កិច្ចសហការជាមួយ បណ្តាក្រុមហ៊ុន សហគ្រាស គឺជាកិច្ចការអាទិភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្នុងការជួយ ជ្រោមជ្រែងសិស្សដែលរៀនជំនាញអាចចុះហាត់ការ និងចាប់យកឱកាសការងារពេញ សិទ្ធិនៅបណ្តាក្រុមហ៊ុន សហគ្រាសទាំងនោះ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាជំនាញរយៈពេល៤ខែ។
![](https://dap-news.com/wp-content/uploads/2024/05/DSM00973-1024x683.jpg)
លោក បានលើកឡើងថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសត្រូវបានដាក់ឱ្យអនុវត្តកន្លងមក ក្រសួងការងារបាន ចុះអនុស្សារណៈយោគយល់ជាមួយ សភាពាណិជ្ជកម្មកម្ពុជា និង សមាគមនិយោជកចំនួន១៧ ដើម្បីសហការក្នុងការបញ្ជូនសិស្ស ដែលសិក្សាជំនាញវិជ្ជាជីវៈ ចុះហាត់ការនៅបណ្តាក្រុមហ៊ុន សហគ្រាសនានាជាពិសេសឱកាសក្នុងការក្លាយជាបុគ្គលិកពេញសិទ្ធិ។ ការដែលវិស័យឯកជនផ្តល់ឱកាសចុះហាត់ការដល់ សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ គឺជាការជំនួសឲ្យការអនុវត្តកាតព្វកិច្ច របស់វិស័យឯកជនស្តីពីការហ្វឺកហ្វឺនកូនជាង ដែលជាការងារអាទិភាពមួយ ដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៧នេះផងដែរ។
![](https://dap-news.com/wp-content/uploads/2024/05/DSZ00910-1-1024x683.jpg)
តាមការបញ្ជាក់ពីលោក កត្តា អ៊ន គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៤នេះ សិស្សដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅទូទាំងប្រទេសក្នុងជំហានទី១ ស្ទើរតែ១០០ភាគរយបានចេញ ហាត់ការ នៅតាមក្រុមហ៊ុនឯកជន ហើយពួកគេបានប្រឡងតេស្តសមត្ថភាព បញ្ចប់ការសិក្សាជំនាញរៀងៗ ខ្លួនដោយជោគជ័យគ្រប់ៗគ្នាផងដែរ ។ ដោយឡែកក្រុមហ៊ុនឯកជនដែលទទួលសិស្ស ចុះហាត់ការនោះមានការវាយតម្លៃខ្ពស់ លើសមត្ថភាពរបស់សិស្សសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដូចនេះហើយទើបបណ្តាក្រុមហ៊ុន សហគ្រាស ពេញចិត្តក្នុងការទទួលយកសិស្សជំនាញ ចូលហាត់ការដោយគ្មានការស្ទាក់ស្ទើរ។
![](https://dap-news.com/wp-content/uploads/2024/05/DSZ00969-1024x683.jpg)
លោកបន្ថែមថា សិស្សសិក្សាជំនាញវិជ្ជាជីវៈ និង បច្ចេកទេសក្នុងជំហានទី១ បានធ្វើតេស្តបញ្ជាក់ សមត្ថភាពជាប់ជាស្ថាពរ ក្នុងនោះដែរវិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេស ស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅទូទាំងប្រទេស ក៏កំពុងទទួលសិស្សចុះឈ្មោះចូលរៀន និងកំពុងបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុងជំហានទី២ផងដែរ ។
លោកបានអំពាវនាវឱ្យយុវជន ដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរួសរាន់ ក្នុងការមកស្វែងរកព័ត៌មាន និងធ្វើការចុះឈ្មោះចូលរៀនឱ្យបានឆាប់រហ័ស ដើម្បីមានជំនាញច្បាស់លាស់ មានការងារ និងចំណូលសមរម្យ ៕
![](https://dap-news.com/wp-content/uploads/2024/05/IMG_20240511_122055_127-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/05/IMG_20240511_122112_839-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2024/05/IMG_20240520_103617_919-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)