បរទេស៖ ប្រទេសចិននិយាយថា សហរដ្ឋអាមេរិកចាំបាច់ ត្រូវតែបញ្ឈប់ចេញ ការចោទប្រកាន់មិនច្បាស់លាស់ ចំពោះប្រទេសចិន ក្រោយមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពិពណ៌នាថា កូរ៉ូណាវីរុស គឺជាវីរុសរបស់ចិន នៅលើបណ្ដាលសង្គមធ្វីតធ័រ។
មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយនៅថ្ងៃអង្គារនេះ នៅក្នុងសន្និសីទកាសែតមួយថា រដ្ឋាភិបាលចិន មិនពេញចិត្ត ចំពោះការពិពណ៌នា របស់សហរដ្ឋអាមេរិក ដែលថា វីរុសឆ្លងថាជារបស់ចិននោះឡើយ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា មន្ត្រីនាំពាក្យ របស់ក្រសួងការបរទេសចិនរូបនេះ បាននិយាយយ៉ាងដូច្នេះថា “ឥស្សរជននយោបាយ សហរដ្ឋអាមេរិកមួយចំនួន នាពេលថ្មីៗនេះ កំពុងតែភ្ជាប់ទំនាក់ទំនងកូរ៉ូណាវីរុស ជាមួយប្រទេសចិន។ យើងបង្ហាញនូវការខឹងសម្បារជាខ្លាំង និងប្រឆាំង ចំពោះការមាក់ងាយបែបនេះ”៕ ប្រែសម្រួល៖ប៉ាង កុង