ហ្សឺណែវ៖ អ្នកជំនាញជាង ២០នាក់ និងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃចន្ទ ឱ្យប្រទេសទាំងអស់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជារដ្ឋឯករាជ្យ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ អ្នកជំនាញ និងអ្នករាយការណ៍ពិសេសបានសង្កត់ធ្ងន់ថា រដ្ឋទាំងអស់គួរតែធ្វើតាមគំរូ ដែលកំណត់ដោយរដ្ឋសមាជិក អង្គការសហប្រជាជាតិជាង ១៤០ប្រទេស ក្នុងការទទួលស្គាល់ប៉ាឡេស្ទីន ហើយពួកគេក៏បានជំរុញឱ្យ ប្រទេសនានាប្រើប្រាស់គ្រប់ មធ្យោបាយនយោបាយ និងការទូត ដើម្បីជួយសម្រួលដល់បទឈប់បាញ់ភ្លាមៗ នៅតំបន់ហ្គាហ្សា។
ពួកគេបានអះអាងថា ជំហានដ៏សំខាន់មួយឆ្ពោះទៅរក សន្តិភាពយូរអង្វែងនៅប៉ាឡេស្ទីន និងតំបន់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ គឺការប្រកាសជាបន្ទាន់ នូវបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការបញ្ឈប់ការលុកលុយយោធា បន្ថែមទៀតចូលទៅក្នុងទីក្រុងរ៉ាហ្វា។
ប្រទេសន័រវេស អៀរឡង់ និងអេស្បាញ បានធ្វើសេចក្តីប្រកាសសម្របសម្រួលមួយ កាលពីថ្ងៃទី២២ ឧសភា ដោយប្រកាសទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ ដែលមានប្រសិទ្ធភាពត្រឹមថ្ងៃទី២៨ ឧសភា។
គួរបញ្ជាក់ថា ជាមួយនឹងប្រទេសជាង ១៤០ ដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរួចហើយ នេះតំណាងឱ្យច្រើនជាងពីរភាគបី នៃសមាជិកភាពរបស់អង្គការសហប្រជាជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា