ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណ:កម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប លើកទី៧៥ ទិវាកុមារអន្តរជាតិ១ មិថុនាខួបលើកទី២៣ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា និង ទិវាកុមារកម្ពុជា ឆ្នាំ២០២៤ ដែលរៀបចំឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានសមាសភាព អញ្ជើញចូលរួម ពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ តំណាងអង្គការសហជីព តំណាងអង្គការនិយោជក អាណាព្យាបាល និងកុមារា កុមារី។
នៅក្នុងឱកាសនោះ លោកបានជំរុញឱ្យគ្រប់ភាគី ពាក់ព័ន្ថដែលមានទាំងវិស័យឯកជន អង្គការវិជ្ជាជីវៈតំណាងកម្មករ និងអង្គការជាតិ និងអន្តរជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលុបបំបាត់ ទប់ស្កាត់និងបង្ការកុំឱ្យមានការកេងប្រវ័ញ្ច លើកុមារដើម្បីធានាអំពីអនាគតនៃទំពាំងស្នងឬស្សី ស្របតាមការអភិវឌ្ឍឥតឈប់ឈរ របស់សង្គមជាតិនាពេលបច្ចុប្បន្ន ។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានរំលឹកពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការ អភិវឌ្ឍធនធាន មនុស្សកម្ពុជាជាពិសេសកម្មករ និយោជិតដែលរដ្ឋាភិបាល បានគិតគូរតាំងពីពេលមានផ្ទៃពោះ រហូតដល់កុមារ អាយុ២ឆ្នាំ តាមរយៈការផ្តល់ប្រាក់ឧបត្ថមដល់ម្តាយ ដើម្បីប្រាកដថា កុមារកម្ពុជាគ្រប់រូបមានជីវជាតិ និងអាហារបំប៉នគ្រប់គ្រាន់។ បន្ថែមលើនេះ រាជរដ្ឋាភិបាល នឹងបង្កើត ឱ្យមានមតេយ្យសហគមន៍ នៅតាមតំបន់រោងចក្រ ដើម្បីផ្តល់ការសិក្សា និង ថែទាំតាមកម្រិតស្តង់ដាដល់ទារក និងកុមារដែលជាធនធានមនុស្ស ដ៏សំខាន់របស់ក្រុមគ្រួសារកម្មករ និយោជិតជំនាន់ក្រោយ ។ នេះបើតាមលោករដ្ឋមន្ត្រីដដែល។
ក្នុងបរិបទដែលកម្ពុជា កំពុងឆ្លងកាន់សម័យបច្ចេកវិទ្យាឌីជីថល លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា កុមារកម្ពុជា មិនគួរក្លាយជាកម្មវត្ថុនៃការបោកប្រាស់ ឬការលាបពណ៌ដោយបច្ចេកវិទ្យាទំនើប ដែលនឹងបំផ្លាញដល់កុមារ ដែលជាក្រដាសសនៅឡើយ។
យ៉ាងណាក៏ដោយ ក្នុងនាម ជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោល ជំហរតាំងចិត្ត និងការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការធានាអំពីកិច្ចគាំពារ ការអនុវត្តសិទ្ធិ ការលុបបំបាត់ និងការបង្ការការកេងប្រវ័ញ្ច គ្រប់រូបភាពដើម្បីធានាថា កុមារកម្ពុជាសុវត្ថិភាព តាមរយៈរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល អនុសញ្ញាអន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត រួមទាំងការដាក់ចេញនូវស្ថាប័ន ទទួលខុសត្រូវច្បាស់លាស់ ៕