ព័ត៌មានជាតិ

ជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់កម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងតែរងផលប៉ះពាល់ខ្លាំង ចំពោះការីករាលដាល នៃជំងឺកូវីដ១៩នោះ រដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួន រួចជាស្រេច ដើម្បីជួយដល់កម្ពុជា ទប់ទល់ជាមួយជំងឺរាតត្បាតមួយនេះ។

ក្នុងជំនួបជាមួយលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លោកMasahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ពាក់ព័ន្ធនឹងស្ថានភាព ដែលពិភពលោក បាននិងកំពុងតែជួបនូវវិបត្តិ និងបញ្ហាប្រឈម ដែលបង្កឡើង ដោយវីរុស កូវីដ១៩ ដែលបណ្ដាប្រទេស ជុំវិញពិភពលោក កំពុងតែចាត់វិធានការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹង ការរីករាលដាល នៃកូវីដ១៩ ដែលកំពុងរាតត្បាត នេះផងដែរ។

លោកបញ្ជាក់ថា “យ៉ាងណាមិញ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសជប៉ុន កំពុងតែរងគ្រោះដូចគ្នា ដោយសាររីវុសកូវីដ១៩ អាស្រ័យហេតុនេះ រដ្ឋាភិបាលជប៉ុន បានត្រៀមលក្ខណៈ និងផ្ដល់កិច្ចសហការគាំទ្រផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ទៅនឹងការរីករាលដាល នៃវីរុសកូវីដ១៩នេះ”។

ក្នុងឱកាសនោះដែរ លោកទូត ក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការ ទាន់ពេលវេលា ជួយដល់ជនជាតិជប៉ុន ដែលធ្វើទេសចរតាមនាវា Westerdam កាលពីពេលកន្លងទៅថ្មីៗនេះផងដែរ។

លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលជប៉ុន ប្តេជ្ញានឹងបន្តផ្តល់ជំនួយ ហិរញ្ញប្បទាននានា និងជំនួយបច្ចេកទេសផ្សេងៗ បន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជា ឲ្យកាន់តែមានភាពរីកចំរើន ទៅមុខជានិរន្ត។

ក្នុងឱកាសនោះដែរ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែងនូវការអរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលជានិច្ចការ តែងតែជួយឧបត្ថម្ភ គាំទ្រ ទាំងកំលាំងកាយ កំលាំងចិត្ត និងធនធាន ដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។

ភាគីទាំងពីរ បានប្ដេជ្ញាបន្តជំរុញ សកម្មភាពពាណិជ្ជកម្ម និងលើកកម្ពស់ ការវិនិយោគលើវិស័យឯកជន ដើម្បីទាក់ទាញ អ្នកវិនិយោគជប៉ុន ឲ្យបានកាន់តែច្រើនបន្ថែមទៀត មកបណ្ដាក់ទុនរកស៊ី នៅកម្ពុជា៕ ដោយ៖ធី លីថូ

To Top