ព័ត៌មានជាតិ

សម្ដេចតេជោ និងប្រមុខការពារជាតិអាមេរិក ផ្លាស់ប្ដូរទស្សនៈគ្នា លើបញ្ហាសមុទ្រចិនខាងត្បូង សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងប៉ាឡេស្ទីន-អ៊ីស្រាអែល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហា សង្រ្គាមរវាងរុស្ស៊ី​ និងអ៊ុយក្រែន ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល និងតំបន់សមុទ្រចិនខាងត្បូង ។

ទាក់ទងបញ្ហានៅក្នុងតំបន់សមុទ្រចិនខាងត្បូង សម្ដេចតេជោប្រធានព្រឹទ្ធសភា បានលើកឡើងថាដើម្បីឱ្យមានសន្តិភាព ស្ថិរភាព នៅក្នុងតំបន់នោះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ ៖
ទី១)គោរពឲ្យបានម៉ឺងម៉ាត់ នូវកិច្ចព្រមព្រៀងDOC
ទី២)ភាគីដែលមានជម្លោះត្រូវដោះស្រាយជាមួយគ្នា
ទី៣) ធ្វើយ៉ាងណាឱ្យសម្រេចនូវកិច្ចព្រមព្រៀង COC ដែលភាគីកម្ពុជា បានខិតខំចង់ឲ្យសម្រេចបាន កាលពីឆ្នាំ ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន ដើម្បីធានាសន្តិសុខ សុវត្ថិភាព យូរអង្វែងក្នុងតំបន់។

លើបញ្ហាសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី និងជម្លោះនៅមជ្ឈិមបូព៌ា សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកអូស្ទីន បានឯកភាពគ្នាថា សង្រ្គាមមិនអាចបញ្ចប់សង្គ្រាមបានទេ គឺត្រូវតែមានដំណោះស្រាយ តាមការចរចាពិសេសក៏បានឯកភាពគ្នា ទៅលើដំណោះស្រាយរដ្ឋពីរ សម្រាប់មជ្ឈិមបូព៌ា ដែលនឹងផ្ដល់នូវសុខសន្តិភាពយូរអង្វែង សម្រាប់អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ៕

To Top