បរទេស៖ យោធារបស់ប្រទេសលីបង់ បាននិយាយថា បុរសម្នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីបានបាញ់ប្រហារ នៅបរិវេណស្ថានទូតអាមេរិក ក្នុងទីក្រុង Beirut ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោធាបាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធថា អ្នកវាយប្រហារត្រូវបានបាញ់តបតវិញ ដោយទាហានដែលយាមស្ថានទូត ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយពណ៌នាអ្នកវាយប្រហារថាជា “ជនជាតិស៊ីរី” ។
ទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Hadath បានរាយការណ៍ថា ខ្មាន់កាំភ្លើងមានទំនាក់ទំនងជាមួយក្រុមភេរវកររដ្ឋឥស្លាម (IS អតីត ISIS/ISIL)។ សារព័ត៌មានមួយចំនួនរបស់ប្រទេសលីបង់ក៏បានផ្សាយរូបថតខ្មាន់កាំភ្លើងផងដែរ ដោយបង្ហាញឱ្យឃើញអ្នកវាយប្រហារពាក់អាវកាក់ខ្មៅដែលមានពាក្យថា “រដ្ឋអ៊ីស្លាម” សរសេរជាភាសាអារ៉ាប់ និងអក្សរអង់គ្លេស “I” និង “S” នៅលើអាវ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ការបាញ់ប្រហារគ្នាដោយកាំភ្លើងនៅ ខាងក្រៅស្ថានទូតមានរយៈពេល ប្រហែលកន្លះម៉ោង ។ ការបាញ់ប្រហារជាច្រើនអាចត្រូវបានគេឮនៅក្នុងឃ្លីបវីដេអូមួយ ដែលត្រូវបានគេអះអាងថា បានធ្វើឡើងនៅក្នុងតំបន់នៅពេលនៃការវាយប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា
