ព័ត៌មានអន្តរជាតិ

ហេតុអ្វីកាសែតបរទេសធំៗ ដាក់ចំណងជើងថា “លោកWang Wenbin អ្នកចម្បាំងចចក”?

នេះមិនមែនជារឿងកុនទេ ប៉ុន្តែជាចំណងរបស់ជើងកាសែតបរទេស Nikkei Asia ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូប្រទេសជប៉ុន។ លោក Wang Wenbin ត្រូវបានគេមើលថា ជាអ្នកប្រយុទ្ធដ៏អស្ចារ្យមួយរូប។ ទឹកមុខ កែវភ្នែក សម្តី កាយវិការរបស់លោកអាចសមជា «អ្នកចម្បាំងចចក ឬខ្លាកំណាច» ក៏ថាបាន។ គិតចាប់ពីឆ្នាំ២០២០មក លោកជាអ្នកនាំពាក្យមួយរូបដែលតែងតែចេញមុខគ្រប់ពេលជុំវិញបញ្ហានានាជាអាទិ៍ នយោបាយ យោធា និងសេដ្ឋកិច្ច ដែលពាក់ព័ន្ធនឹងអឺរ៉ុប អាម៉េរិក និងជប៉ុន។

តើបុរសម្នាក់នេះជានរណា? ហេតុអ្វីកាសែតបរទេសធំៗចាប់អារម្មណ៍ម្ល៉េះ ពេលលោកក្លាយជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកម្ពុជា ជំនួសលោកវ៉ាង វិនធាន?

គេអាចនិយាយបានថា បុរសម្នាក់នេះមានសម្តីមុត មានចំណេះដឹងយុទ្ធសាស្ត្រដូចជូគឺលាង និងមានភាពអំណត់ដូចចុងតា(សឺម៉ាអ៊ី) ចិត្តមុតដូចឆាវភី និងពូកែលើសមរភូមិដូចចាវ ជីឡុង។ គេនៅចាំបានថា បន្ទាប់ពីបានឡើងកាន់តំណែងជាអ្នកពាក្យក្រសួងការបរទេសភ្លាមនៅខែកុម្ភៈ ឆ្នាំ២០២១ លោក Wang បានហៅ “ការចេញផ្សាយព័ត៌មានរបស់លោកខាងលិចដែលចោទចិនថា “ធ្វើទុក្ខបុកម្នេញប្រល័យពូជសាសន៍ជនជាតិអ៊ុយគ័រ”(Uyghur) ថាជាការ “កុហកប្រចាំសតវត្សរ៍”។ ក្រោយមកទៀតនៅដើមឆ្នាំ២០២៣ ពិភពលោកបានស្គាល់លោកវ៉ាង (Wang Wenbin) កាន់តែច្រើនៗឡើងជុំវិញការចេញមុខប្រកាសឆ្លើយតបទៅនឹងឧប្បត្តិហេតុប៉េងប៉ោង(balloon) ចិន ហោះលើទឹកដីអាម៉េរិកនៅឆ្នាំ២០២៣ ដោយលោក Wang បាននិយាយថា “ចាប់តាំងពីឆ្នាំមុនមក ប៉េងប៉ោង (balloon) របស់អាម៉េរិកបានហោះហើរខុសច្បាប់លើប្រទេសចិនច្រើនជាង១០ដងដោយគ្មានការយល់ព្រមពីអាជ្ញាធរចិន”។ ហើយនេះវាឆ្លុះបញ្ចាំងពីចេតនាមិនល្អរបស់សហរដ្ឋអាម៉េរិកមកលើចិន។

លោកWang កើតខែមេសា ឆ្នាំ១៩៧១ នៅស្រុកតុងឆឹង(Tongcheng) ខេត្តហានហ៊ួយ (Anhui) ប្រទេសចិន។ គាត់បានចូលរៀននៅវិទ្យាល័យណានជីង ជីនលីង (Nanjing Jinling) រដ្ឋធានីណានជីង(Nangjing) ខេត្តជាំងស៊ូ(Jaingsu) ភាគខាងកើតប្រទេសចិន។ នៅឆ្នាំ១៩៨៩ គាត់បានចូលរៀននៅសកលវិទ្យាល័យកិច្ចការបរទេសចិន ជាទីកន្លែងដែលលោករៀនភាសាបារាំង។ ក្រោយពីបញ្ចប់ការសិក្សា លោកបានទៅបំពេញការងារនៅក្រសួងការបរទេស។

លោកបានកាន់មុខតំណែងការទូតជាច្រើនរួមមានជា នាយករងនិងជាប្រធានការិយាល័យស្រាវជ្រាវគោលនយោបាយ ជាទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំសាធារណរដ្ឋម៉ូរីស និងជាទីប្រឹក្សានាយកដ្ឋានផែនការគោលនយោបាយ និងជាអនុប្រធាននាយកដ្ឋានផែនការគោលនយោបាយ។ នៅឆ្នាំ២០១៨ គណៈកម្មាធិការអចិន្ត្រៃយ៍លើកទី១៣នៃសភាតំណាងប្រជាជនជាតិចិនបានតែងតាំងលោកជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសទុយនេស៊ី ជំនួសលោក Bian Yanhua ដែលផុតអាណត្តិ។ លោកបានក្លាយជាអ្នកនាំពាក្យក្រសួងការបរទេសជំនួសលោក Geng Shuagng នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

តើជារឿងល្អដែលឬទេ ដែលកម្ពុជាមានវត្តមានលោក Wang នៅពេលនេះ?
គេអាចឆ្លើយបានថា ជារឿងល្អដែលកម្ពុជា មានបុរសពោរពេញដោយសមត្ថភាពមកឈរជើង។ ឥរស្សជនវ័យអាយុ ៥៣ឆ្នាំ រូបនេះ បានបម្រើការក្នុងបេសកកម្មការទូតអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ កិច្ចការរបស់លោកភាគច្រើនគឺបានចូលរួមនៅក្នុងផ្នែកនៃផែនការគោលនយោបាយនិងកិច្ចការនៃប្រទេសអាហ្វ្រិក។ លោកមានស្នាដៃជាច្រើននៅទីនោះ។ ក្រៅពីភាសាកំណើត លោកវ៉ាង អាចនិយាយភាសាអង់គ្លេស បារាំង អារ៉ាប់ កូរ៉េ ជប៉ុន រុស្សី អេស្ប៉ាញ ព័រទុយហ្គាល់ អាឡឺម៉ង់ បានផងដែរ។ ការពិតណាស់ មែនទែនទៅពាក្យថា “ស្ថានទូតជាភាសាងាយស្តាប់និងមិនខ្លាចរអា និងមានលក្ខណៈជាមិត្តភាព”។ តែបើគេគិតនៅក្នុងសឹកសង្គ្រាមវិញ “ស្ថានទូតគឺជាបន្ទាយទ័ព ឬជំរុំយុទ្ធសាស្ត្រដែលបង្កើតឡើងសម្រាប់ឃ្លាំមើលនិងរៀបចំផែនការយុទ្ធសាស្ត្រ”។

ហើយជាក់ស្តែង ស្ថានទូតដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចការនយោបាយ សេដ្ឋកិច្ច ការទូត និងយោធាជាដើម។តើពិភពលោកសព្វថ្ងៃកំពុងមានបញ្ហាអ្វីឱ្យប្រាកដ?
គេមើលឃើញថា“ពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងបរិបទនៃសង្គ្រាមគ្រាប់ពោត ហ៊ានតែច្រឡោតផ្ទុះដូចមីស៊ីល”។

ធម្មតាគ្រាប់ពោតពេលដាក់ចូលក្នុងខ្ទះកំពុងក្តៅផ្ទុះឡើងដូចកង្កែបលោត ហើយបើមេដឹកនាំនីមួយៗ មិនរក្សាភាពអត់ធ្មត់ទេ គឺផ្ទុះដូចមីស៊ីលឆ្លងទ្វីប។ គេសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ ហ្វីលីន ជប៉ុន វៀតណាម និងអូស្ត្រាលីដែលសម្ព័ន្ធមិត្តរបស់អាម៉េរិកហាក់បានព្រួតដៃគ្នាយ៉ាងស្និទ្ធស្នាលជុំវិញបញ្ហាសមុទ្រចិនខាងត្បូងតាមរយៈកិច្ចព្រមព្រៀងសន្តិភាព និងការធ្វើសមយុទ្ធយោធាជាដើម។ បើគេមើលឱ្យជ្រៅបន្តិច ប្រទេសទាំងនោះសុទ្ធតែមិត្តរបស់កម្ពុជា តែមិនមែនន័យថាជាសត្រូវចិននោះឡើយ។ នៅក្នុងទ្រឹស្តីសហសន្តិភាពនិយមនិងយុទ្ធសាស្ត្រឈ្នះៗ បានលើកជាមូលដ្ឋានបញ្ជាក់ថា ចិនមិនចង់មានជម្លោះជាមួយនឹងអ្នកជិតខាងភូមិផងរបងជាមួយនោះឡើយ ហើយអ្វីៗ គឺដើម្បីសន្តិភាព។

ហេតុអ្វីចិនឱ្យខ្លាមកឈរជើងនៅកម្ពុជា?
យោងតាមការសិក្សាស្រាវជ្រាវផ្នែកភូមិសាស្ត្រ កម្ពុជាជាប្រទេសមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ចិនផ្នែកទីតាំងភូមិសាស្ត្រនយោបាយនិងយោធា។ បើគេគិតពីទំហំផលសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ចិនគឺ កម្ពុជាមានកម្រិត។ ព្រោះថាកម្ពុជាមានផលិតផលសរុបក្នុងស្រុកសរុប(GDP)ទាបនិងមានប្រជាជនតិចនៅឡើយ។ យ៉ាងណាក៏ដោយ ចិនមិនអាចខ្វះកម្ពុជាបាននោះទេ។ ព្រោះគេអាចនិយាយយ៉ាងងាយស្តាប់ថា គឺអាស៊ានមានសំឡេង១០។ បើមានមួយបដិសេធ ៩ទៀតមិនអាចធ្វើអ្វីកើតទេ។

ម្យ៉ាងទៀតចិនមិនទុកចិត្ត វៀតណាម ជប៉ុន ហ្វីលីពីន និងអាម៉េរិកនោះឡើយ ខណៈអាម៉េរិកកែយុទ្ធសាស្ត្រជាមួយនឹងវៀតណាមពីសត្រូវក្លាយទៅជាមិត្ត។ ដោយអាម៉េរិកបានកែយុទ្ធសាស្ត្រទាំងផ្នែកនយោបាយការទូត យោធា និងសេដ្ឋកិច្ច។ ដូច្នោះគេអាចនាំគ្នានិយាយបានថា ២០២៤ ជាឆ្នាំប្រកួតគ្នា និងខាំធ្មេញដាក់គ្នារវាងមហាអំណាចទាំងពីរយ៉ាងស្រួចស្រាល់ ផ្នែកនយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យានិងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងជាឆ្នាំចងមិត្ត ជាឆ្នាំត្រូវប្រកាន់ធម៌ខន្តីឱ្យបានច្រើនបំផុត ព្រោះជាឆ្នាំព្រលឹងរត់ទៅស៊ីព្រលឹត បើសង្គ្រាមលោកលើកទី៣ផ្ទុះឡើង។ ស្រីហិតោបទេសរបស់ភិក្ខុ ប៉ាង ខាត់ បានសរសេរដែរថា ពិភពលោកមានជម្រើស៤សំខាន់ “ទី១ សេពគប់មិត្ត ទី២ បំបែកមិត្ត ទី៣ សង្គ្រាម ទី៤ សន្តិភាព”៕ ដោយ៖ លោក សិរី មុនី

To Top