បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធថា រុស្ស៊ីអាចប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ប្រសិនបើអធិបតេយ្យភាព របស់ខ្លួនត្រូវបានគំរាមកំហែង ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកពូទីនថា “ប្រសិនបើសកម្មភាព របស់អ្នកណាម្នាក់គំរាមកំហែង ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង , យើងចាត់ទុកថា វាអាចទៅរួច ក្នុងការប្រើប្រាស់គ្រប់ មធ្យោបាយក្នុងការកម្ចាត់ចោល” ដោយលើកឡើង ពីអ្វីដែលលោកបាននិយាយ គឺជាគោលនយោបាយសន្តិសុខ របស់ប្រទេស ។
លោកពូទីនបានប្រាប់ក្រុមអ្នកកាសែតអន្តរជាតិថា “សម្រាប់ហេតុផលមួយចំនួន ពួកគេជឿជាក់លើលោកខាងលិចថា រុស្ស៊ីនឹងមិនប្រើវាទេ” ។ លោកពូទីនបន្ថែមថា ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់រុស្ស៊ីមានថាមពលខ្លាំង ជាងអ្វីដែលសហរដ្ឋអាមេរិកបានប្រើនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ក្នុងប្រទេសជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ។
លោក ពូទីន ក៏មានការព្រមាន ទៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ផងដែរ។ លោកបាននិយាយថា ការអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់អាវុធចម្ងាយឆ្ងាយ ផលិតដោយលោកខាងលិច ចូលទៅក្នុងប្រទេសរុស្ស៊ី គឺអាចជំរុញឱ្យលោកដាក់អាវុធរុស្ស៊ីស្រដៀងគ្នា នៅក្នុងបណ្តាប្រទេស នៅក្នុងជួរនៃសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា