ព័ត៌មានជាតិ

គួរពិចារណា! តួនាទី ភារកិច្ច ក្នុងការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ

ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះ រឿងក្រុមគយចល័តតំបន់៦ ដោយមានការដឹកនាំសម្របសម្រួល ពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ចុះចាប់និងដកហូតទូរសព្ទជាង១ពាន់គ្រឿង នៅក្នុងខេត្តត្បូងឃ្មុំ បានក្លាយជាប្រធានបទក្ដៅមួយ ដែលត្រូវបានយក ទៅជជែកវែកញែក ចាប់តាំងពីសាធារណៈជន អ្នកនយោបាយ ជាពិសេសក្រុមឆ្លៀតឱកាស បង្កើតមាតិកានៅលើបណ្ដាញសង្គម យកទៅបំផុសបំប៉ោងសភាពការណ៍ បន្ថែមទៀតនោះ ដោយពុំទាន់បានដឹង និងគិតដល់ បទបញ្ជា០១ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដែលនៅជាធរមាននៅឡើយ។

មិនត្រឹមតែប៉ុណ្ណោះប្រធានបទមួយនេះ ក៏ត្រូវបានលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើការស្ដីបន្ទោសទៅលើស្ថាប័នគយ កងកម្លាំងនគរបាលខេត្ត និងកងរាជអាវុធហត្តខេត្ត ផងដែរ។

សូមរំលឹកថា កាលពីអំឡុងឆ្នាំ២០២២ គយចល័តតំបន់៦ ក៏បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ ដ៏ធំមួយផងដែរ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។ ក្រោយចុះបង្រ្កាបរួចមក ក៏ត្រូវបានលោក ជាម ច័ន្ទសោភ័ណ បានចេញសេចក្ដីណែនាំថ្មីមួយ ដែលមានលក្ខណៈ ហាក់ផ្ទុយស្រលះទៅនឹង បទបញ្ជា០១ របស់រាជរដ្ឋាភិបាល។

នៅក្នុងសេចក្ដីណែនាំនោះ លោកអភិបាលខេត្ត តម្រូវឱ្យប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ត្រូវស្នើសុំគោលការណ៍ឯកភាពជាមុន ពីសំណាក់ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ គឺលោក ជាម ច័ន្ទសោភ័ណ ។

ចំពោះករណីនេះ យោងតាមបទបញ្ជា០១ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ស្តីពី វិធានការបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ បានឱ្យដឹងថា ៖

១- អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ក្នុងនាមជាស្ថាប័នតែមួយគត់ ដែលមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ទំនិញនាំចេញ-នាំចូល ឆ្លងកាត់នៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស សន្និធិគយ បណ្តោះអាសន្ន ភណ្ឌាគារ គយមានដែនកំណត់ និងទីកន្លែងត្រួតពិនិត្យ ទំនិញនាំចេញ-នាំចូល និងឆ្លងកាត់ផ្សេងទៀតក្នុងដែនគយ។

២- អង្គភាពគយនិងរដ្ឋាករ អាចស្នើសុំកិច្ចសហការគាំទ្រ ពីកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់និងស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក្នុងករណី ដែលកិច្ចប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ មិនអាចអនុវត្តបាន។ ត្រង់ចំណុចនេះ នៅពេលទទួលបានការស្នើ សុំពីអង្គភាពគយនិងរដ្ឋាករ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ត នគរបាលជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគាំទ្រ និងជួយជាបន្ទាន់។ អង្គភាពគយនិងរដ្ឋាករ អាចស្នើសុំ ជាផ្លូវការ តាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន ជាលាយលក្ខណ៍អក្សរ តាមទម្រង់ដែលបានកំណត់ដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមមធ្យោបាយផ្សេងទៀត។

៣- កងយោធពលខេមរភូមិន្ន កងរាជអាវុធហត្ថ នគរបាលជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ត្រូវចៀសវាងអនុវត្តដោយផ្ទាល់ និង/ឬដោយប្រយោល នូវ ការងារដែលជាសមត្ថកិច្ច របស់អង្គភាពគយនិងរដ្ឋាករ និងមិនត្រូវបង្កឧបសគ្គ ឬអន្តរាគមន៍នាំឱ្យរាំងស្ទុះដល់ការប្រមូលចំណូល និងការទប់ស្កាត់និងការបង្រ្កាបអំពើរត់គេចពន្ធជាដាច់ខាត។ ករណីទទួលបាន នូវព័ត៌មានសង្ស័យ នៃការប្រព្រឹត្តឬបានជួបប្រទះ ឬបានឃើញអំពើរត់គេចពន្ធ ជាក់ស្ដែងណាមួយ ត្រូវជូនដំណឹងជាបន្ទាន់ ដល់អង្គភាពគយនិងរដ្ឋាករ ដែលកំពុងឈរជើង បំពេញភារកិច្ចនៅកន្លែងជិតបំផុត ពីចំណុចកើតហេតុ ដើម្បីប្រគល់ភារកិច្ចជូន អង្គភាពគយនិងរដ្ឋាករ អនុវត្តនូវតួនាទីនិងភារកិច្ចស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន។

៤-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុករ៉ាប់រងនូវ ការចំណាយចាំបាច់នានា ក្នុងប្រតិបត្តិការនីមួយៗ រួមទាំងការចំណាយ សម្រាប់ផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្ត
ផ្សេងៗ ជូនអ្នកចូលរួមដោយមានសិទ្ធិប្រើប្រាស់ប្រាក់ ដែលជាផលបានមកពី ប្រតិបត្តិការបង្ក្រាបមួយៗដូចមានកំណត់ក្នុងប្រកាស របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្នុងករណីទឹកប្រាក់ ដែលត្រូវផ្តល់រង្វាន់លើស ពី១៥០លានរៀល ការបែងចែកត្រូវមានការសម្រេច ជាមុនពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

៥-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបង្កើតគណៈកម្មាធិការអន្តរក្រសួង ដើម្បីតាមដានការអនុវត្ត ការងារទប់ស្កាត់នឹង ការបង្ក្រាបអំពើរត់គេចពន្ធ ធ្វើការវាយតម្លៃ ផ្ដល់ការណែនាំ និងចង្អុលទិសអនុវត្ត បទបញ្ជានេះ ឱ្យមានប្រសិទ្ធភាព ដែលមានសមាសភាព ដូចខាងក្រោម៖
១-រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២- រដ្ឋមន្ត្រីក្រសួងយុត្តិធមិ
៣-អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
៤-មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស
៥-អគ្គស្នងការនគរបាលជាតិ
៦-អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
៧- តំណាងក្រសួងសុខាភិបាល
៨- អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៩-ប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ
១០-អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន
១១-ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

To Top