ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទម្លាយថា បានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧ មកម៉្លេះ (វិដេអូ)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានទម្លាយថា សម្ដេចបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។

ការទម្លាយនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់កាសែតបរទេស The Diplomat ដែលលោក ដេវីត ហួត (David Hutt) បានអះអាងថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ សម្ដេចតេជោ ហ៊ុន សែន ដូចការលើកឡើងរបស់សម្ដេចតេជោ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងខ្លឹមសារដោយភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ៖

«បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។

ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលខ្ញុំបានលើកឡើង កាលពីប៉ុន្មានថ្ងៃមុន ដែលខ្ញុំបាននិយាយទៅកាន់ អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភ័ន្តច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។
ជំនួបដែលសំខាន់ គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ។

ឆ្នាំ២០១២ ជួបជាមួយ នាយក CIA លោក David Patraeus នៅផ្ទះរាជធានីភ្នំពេញ និងជំនួបចុងក្រោយ ជាមួយនាយក CIA លោក Bill Burns ឆ្នាំ២០២៤ នៅផ្ទះទីក្រុងតាខ្មៅ។
ករណីមិនមានការជួបគ្នាផ្ទាល់ ខ្ញុំក៏បញ្ជូនតំណាងរបស់ខ្ញុំ ទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៉ីនតោន រាប់ទាំងលោក Mike Pompeo ដែលក្រោយមក
ក្លាយជារដ្ឋមន្ត្រីការបរទេស របស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។

កិច្ចសហការសំខាន់របស់យើង គឺប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ។ កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្ម ជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតា នៃរដ្ឋមួយដែលមានអធិបតេយ្យភាព។ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ»»៕

To Top