ភ្នំពេញ ៖ ក្រោយពីជំងឺកូវីដ-១៩ កំពុងមានកំណើន នៃការឆ្លងនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា កុំមានការរើសអើងបក្ខពួក និងពណ៌សម្បុរ ចំណែកអ្នកបង្ហោះព័ត៌មានមិនពិត ជុំវិញបញ្ហា កូវីដ-១៩ នឹងត្រូវទទួលខុសត្រូវមុខច្បាប់ជាមិនខាន។
សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល រកឃើញ អ្នកឆ្លងជំងឺ កូវីដ-១៩ (COVID-19) នៅកម្ពុជា កើនដល់ឡើង៤៧នាក់។
ក្រោយបញ្ចប់កិច្ចប្រជុំ ស្ដីពី វិធានការណ៍ការពារជំងឺ កូវីដ-១៩ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ប្រាប់ក្រុមអ្នកសារព័ត៌មានថា នាពេលកន្លងមក រាជរដ្ឋាភិបាល ក៏បានធ្វើការណែនាំ ដល់ប្រជាជនកម្ពុជា មិនត្រូវបែងចែកជាតិសាសន៍ឡើយ ជាពិសេស មិនត្រូវរើសអើង ផងដែរ។
សម្ដេចថ្លែងថា «សម្ដេចតេជោលោក បានណែនាំថា មិនត្រូវចែកខ្មែរឥស្លាម ខ្មែរនេះ ខ្មែរនោះទេ គឺបងប្អូនខ្មែរ យើងបានផ្សាយហើយ។ ក្នុងសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ ទៅខេត្តបញ្ជាក់ចំណុចនេះ ផងដែរ គឺថា មិនត្រូវរើសអើងទេ ហើយមិនត្រឹមខ្មែរឥស្លាមទេ ជនជាតិណាក៏ដោយ ដែលបានមកម្ពុជា ជួបបញ្ហានឹង (កូវីដ-១៩) យើងក៏មិនត្រូវរើសអើងដែរ»។
សម្ដេចបន្ដថា «ដូចខ្ញុំបានបញ្ជាក់ថា នៅក្នុងពេលហ្នឹង ដែលសាកលលោកទាំងមូល កំពុងតែសាមគ្គីគ្នា ដើម្បីទប់ស្កាត់ជំងឺនឹង(កូវីដ-១៩) ហើយខ្មែរយើងក៏ដូចគ្នាដែរ។ ខ្ញុំនៅបន្ដអំពាវនាវថា ទុកដាក់ផលប្រយោជន៍បុគ្គលដោយ ឡែកទៅផលប្រយោជន៍ ក្រុមបក្ខពួក និងពណ៌សម្បុរដោយឡែកសិនទៅ ដើម្បីរួមគ្នាសិន»។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា ចំពោះអ្នករិះគន់រាជរដ្ឋាភិបាល តាមបែបប្រជាធិតេយ្យ រដ្ឋាភិបាលស្វាគមន៍ និងទទួលយក។ជាពិសេស អ្នករិះគន់ រដ្ឋាភិបាល និងបង្ហោះព័ត៌មានមិនពិត ជុំវិញបញ្ហា កូវីដ-១៩ នាំឲ្យច្របូកច្របល់សង្គមជាតិ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ផងដែរ។
រដ្ឋមន្ដ្រីមហាផ្ទៃ មានប្រសាសន៍ថា «ព័ត៌មានពិត យើងសូមស្វាគមន៍ ព័ត៌មានពិតនេះថា ជួនអីគេប្រឆាំងរដ្ឋាភិបាល ក្នុងក្របខណ្ឌប្រជាធិបតេយ្យ។ រដ្ឋាភិបាលមិនយកចិត្តទុកដាក់ ស្អីៗអីចឹង អាហ្នឹងជាព័ត៌មានពិត។ ប៉ុន្ដែមួយទៀត ព័ត៌មានវាអត់មានទេ រួចហើយគាត់បំផុស អាហ្នឹងខ្ញុំសូមមេត្តាកាត់បន្ថយ ឈានទៅលុបបំបាច់ ដើម្បីយើងរួមគ្នា ការពារជីវិតសង្គមរបស់យើង ប្រជាជនរបស់យើង ឥឡូវនឹងមានបញ្ហា(កូវីដ-១៩) ហើយប្រហែលជាអាចនឹង តាមច្បាប់របស់យើង ជាធរមានអាចថា អ្នកទាំងឡាយណានៅតែប្រើប្រាស់ វោហាស័ព្ទបង្កបញ្ហាច្របូកច្របល់ ទទួលខុសត្រូវចំពោះមុខច្បាប់»។ រដ្ឋមន្ដ្រីមហាផ្ទៃ អះអាងថា រាជរដ្ឋាភិបាលនឹងបន្ដដោះស្រាយ បញ្ហាប្រឈមការលំបាកពលរដ្ឋ ដោយមិនរត់ចោលពលរដ្ឋ។
រដ្ឋមន្ដ្រីមហាផ្ទៃបញ្ជាក់ថា ឥឡូវនេះយកវិធានការធំបំផុត ការពារអាយុជីវិតពលរដ្ឋ ខណៈជំងឺ កូវីដ-១៩ មានការកើនឡើង ហើយរហូតដល់ពេលនេះ មិនមានពលរដ្ឋខ្មែរណាម្នាក់ ស្លាប់ដោយ កូវីដ-១៩ទេ។ ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា ក្រសួងមានគម្រោង ផ្អាកបណ្ដោះអាសន្ន អ្នកចូលសួរសុខទុក្ខអ្នកជាប់ពន្ធនាគារ ។
សម្ដេចបន្ថែមថា «ហើយនៅចំពោះមុខយើង ខ្ញុំកំពុងពិចារណាថា សុំផ្អាកបណ្ដោះអាសន្ន ចំពោះអ្នកទៅសួរសុខទុក្ខ ទោះបីយ៉ាងណាក៏ដោយ យើងផ្អាកជាបណ្ដោះអាសន្ន១៤ថ្ងៃ។ ចំពោះអ្នកឃាត់ខ្លួនថ្មីៗ ទុកដាក់របៀបម៉េច កុំឲ្យឆ្លងទៅអ្នកជាប់ឃុំ»។
ជាងនេះទៅទៀត សម្ដេច ស ខេង រំលឹកថា នាពេលកន្លងមក រាជរដ្ឋាភិបាលហាមឃាត់ ជនជាតិមួយចំនួន ដូចជា អឺរ៉ុប អាមេរិក អ៊ីរ៉ង់ មិនឲ្យចូលស្រុកខ្មែរ។ ដោយឡែក ថៃ រដ្ឋាភិបាល មិនទាន់មានគោលការណ៍ បិទច្រកព្រំដែនឡើយ ខណៈរដ្ឋាភិបាល បានបិទច្រកព្រំដែន ជាមួយប្រទេសវៀតណាម។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង លើកឡើងថា រថយន្ដដឹកទំនិញ ជិត៤០០គ្រឿង ជាប់គាំងនៅច្រកទ្វារព្រំដែនត្រពាំងផ្លុង ដោយសារតែខាងភាគីវៀតណាមបិទច្រក មិនឲ្យមានការ ចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស កូវីដ-១៩។ សម្ដេចថា បញ្ហាជាប់គាំងនេះ គឺមានតែច្រកត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំមួយប៉ុណ្ណោះ ខណៈដែលច្រកទ្វារផ្សេងទៀត ជាមួយវៀតណាម មានការចរាចរទំនិញរលូនធម្មតា។
សម្ដេចថា «មកដល់ពេលនេះ ការដឹកជញ្ជូនទំនិញតាមច្រកផ្លូវគោកទាំងអស់ ជាមួយវៀតណាម នៅរក្សាជាប្រក្រតីនៅឡើយទេ ។ តែមានបញ្ហាបន្ដិចនៅខាងត្រពាំងផ្លុង ជាមួយខេត្តតៃនិញ ដោយសារខាងវៀតណាម គាត់មិនឲ្យចូលឡាន ដឹកទំនិញយើង បើតាមដឹងប្រហែលជាង៣០០ ជិត៤០០គ្រឿង នៅកកស្ទះ ប៉ុន្ដែមកដល់ពេលនេះបានដោះស្រាយជាបណ្ដើរៗហើយ» ៕
ដោយ ៖ អេង ប៊ូឆេង