ព័ត៌មានអន្តរជាតិ

ជប៉ុន ត្រូវបាន​ជំរុញ​ឱ្យ​ដឹកនាំ​កិច្ច​ប្រឹងប្រែង G7 ដើម្បី​ដោះស្រាយ​បញ្ហាទំនាក់ទំនង កាន់តែ​ជិត​ស្និទ្ធ​រវាងរុស្ស៊ី និងកូរ៉េខាងជើង

Kyodo

តូក្យូ៖ ក្រុមប្រទេសទាំង៧ កំពុងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងប្រឆាំង នឹងកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងកូរ៉េខាងជើង ខណៈដែលទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ថាបានទទួល បច្ចេកវិទ្យាយោធាពីទីក្រុងម៉ូស្គូ ជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យាមីស៊ីល។

ការពង្រឹងសមត្ថភាពកាំជ្រួចរបស់កូរ៉េខាងជើង ជាមួយនឹងការគាំទ្រពីរុស្ស៊ី បានធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកជំនាញកិច្ចការបរទេស ដែលកំពុងជំរុញឱ្យប្រទេសជប៉ុន ដែលជាសមាជិកអាស៊ីតែមួយគត់នៃ G7 ដើរតួនាំមុខគេក្នុងការដោះស្រាយ ការគំរាមកំហែងក្នុងតំបន់។

ក្រុមអ្នកជំនាញបានឲ្យដឹងថា ក្នុងគោលបំណងពង្រីកកិច្ចខិតខំប្រឹងប្រែង ពហុជាតិសាសន៍លើសពី G7 ក្នុងការត្រួតពិនិត្យការជួញដូរអាវុធបែបនេះ ជប៉ុន ចាំបាច់ត្រូវចូលរួមជាមួយប្រទេសចិន ដែលជាប្រទេស ដែលមានទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី និងកូរ៉េខាងជើង ដើម្បីដោះស្រាយស្ថានការណ៍។

បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងខែកក្កដា ឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរត្រូវបានគេជឿថា នឹងរីកចម្រើនយ៉ាងឆាប់រហ័សចំពេល ការឈ្លានពានដ៏យូររបស់ទីក្រុងម៉ូស្គូ ទៅលើអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំកំពូលនៅឆ្នាំនេះនៅប្រទេសអ៊ីតាលី G7 ដែលរួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុបបានថ្កោលទោស “ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត” ការផ្ទេរអាវុធពីកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ជាការរំលោភលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top