ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លី ណាវុឍ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដែលកម្មវិធីនេះធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេង សួរ បានគូសបញ្ជាក់ពីសារសំខាន់ នៃការចុះអនុស្សរណៈរវាងស្ថាប័នទាំងពីរដែលនឹងជំរុញ និងចូលរួមបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈដែលគ្រឹះស្ថានមានវិសាលភាពធំទូលាយ និងសម្បូរបែបលើកម្មវិធីសិក្សា ។
ជាមួយគ្នានេះ លោក លី ណាវុឍ្ឍ បានសម្តែងក្តីសប្បាយរីករាយ ចំពោះការចុះអនុស្សរណៈ ជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាស្ថាប័នដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយតាមរយៈការកិច្ច សហប្រតិបត្តិការនេះ នឹងធ្វើឱ្យសាកលវិទ្យាល័យ មានវិសាលភាពកាន់តែទូលាយ លើការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងបង្កើត នូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរគ្នាទៅវិញ ទៅមកក្នុងផ្នែក អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍជំនាញនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
បន្ថែមពីនេះ ភាគីទាំងពីរក៏នឹងមានភារកិច្ច ធ្វើការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការចុះកម្មសិក្សា ការសិក្សាស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ គ្រូឧទ្ទេស សិស្ស-និស្សិត ការផ្លាស់ប្តូរព័ត៌មានស្តីពីកម្មវិធីសិក្សា ឱកាសការងារ និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវផងដែរ ៕