បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានអនុម័ត លើការនាំចូលសត្វរស់ រួមមាន គោ ចៀម និងពពែ ពីប្រទេសថៃ ជាមួយនឹងវិញ្ញាបនបត្រអនាម័យ សម្រាប់បសុសត្វដូចដែលបានពិភាក្សា និងឯកភាពគ្នារវាងប្រទេសថៃ និងអារ៉ាប៊ីសាអូឌីត នេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយលើកឡើងពីសាររបស់ក្រសួងបរិស្ថាន ទឹកនិងកសិកម្មអារ៉ាប៊ីសាអូឌីត បញ្ជូនតាមរយៈក្រសួងការបរទេស របស់ខ្លួនទៅស្ថានទូតថៃក្នុងទីក្រុងរីយ៉ាដ ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ថៃ លោក Phumtham Wechayachai បានថ្លែងថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានផ្តល់សិទ្ធិរួចហើយសម្រាប់ការនាំចូលសត្វ រស់របស់ថៃទៅរក្សាទុកនិងសម្លាប់នៅអារ៉ាប៊ីសាអូឌីត។
ដើម្បីចូលរួមក្នុងដំណើរការពាណិជ្ជកម្ម អ្នកនាំចូល និងអ្នកនាំចេញ ត្រូវតែទទួលបានការអនុញ្ញាតពី Naam Platform នៃក្រសួងបរិស្ថាន ទឹក និងកសិកម្ម អារ៉ាប៊ីសាអូឌីត និងទទួលបានវិញ្ញាបនបត្រ សុខភាពសត្វសម្រាប់ការនាំចេញបសុសត្វ ដែលជានីតិវិធីដែលត្រូវបានអនុម័ត បន្ទាប់ពីការពិភាក្សារវាងប្រទេសទាំងពីរ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានការយល់ព្រមពីអាជ្ញាធរចំណីអាហារ និងឱសថអារ៉ាប៊ីសាអូឌីត សម្រាប់ការនាំចេញសាច់មាន់ថៃស្រស់ និងកែច្នៃកាលពីដើមឆ្នាំនេះ។
លោក Phumtham បានបញ្ជាក់ថា លោកបានដឹកនាំនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ និងទីភ្នាក់ងារផ្សេងទៀត ជូនដំណឹងដល់ពាណិជ្ជករ និងអ្នកនាំចេញរបស់ថៃ ដើម្បីជួយរៀបចំពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា