បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរាយការណ៍ ទៅព្រះរាជអាជ្ញាសាធារណៈ នៅព្រឹកថ្ងៃអង្គារ ហើយត្រូវបាននាំទៅកាន់តុលាការព្រហ្មទណ្ឌ ដើម្បីចាត់ការលើសំណុំ រឿងប្រមាថព្រះមហាក្សត្រ នេះបើយោងតាមអ្នកនាំពាក្យ របស់ការិយាល័យអគ្គព្រះរាជអាជ្ញា។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Prayut Phetcharakhun បាននិយាយថា តុលាការបានទទួលយកសំណុំរឿងនេះនៅម៉ោង ៨: ៥៦នាទី ព្រឹកថ្ងៃអង្គារ ដោយធ្វើឱ្យលោកថាក់ស៊ីន ក្លាយជាចុងចោទជាផ្លូវការ ។
កាលពីចុងខែមុន ការិយាល័យអង្គព្រះរាជអាជ្ញា (OAG) បានប្រកាសពីការសម្រេចចិត្ត របស់ខ្លួនក្នុងការចោទប្រកាន់លោក ថាក់ស៊ីន ដែលកំពុងស្ថិតនៅក្នុងការ ដោះលែងបណ្តោះអាសន្ន នៅពេលនោះ។ ការចោទប្រកាន់ដែលដំបូង កំណត់សម្រាប់កាលបរិច្ឆេទ មុនត្រូវបានពន្យារពេលទៅថ្ងៃអង្គារ (ថ្ងៃទី ១៨ ខែមិថុនា) ដោយសារតែថាក់ស៊ីន ត្រូវបានរាយការណ៍ថា បានឆ្លង Covid-19 ។
លោកថាក់ស៊ីនអាយុ ៧៤ ឆ្នាំ ត្រូវបានចោទប្រកាន់ ពីបទបរិហារកេរ្តិ៍រាជានិយម ក្នុងអំឡុងពេលបទសម្ភាសន៍ ជាមួយកាសែតកូរ៉េខាងត្បូង Chosun Ilbo កាលពីថ្ងៃទី ២១ ឧសភា ២០១៥ ។ នៅក្នុងបទសម្ភាសន៍នោះ លោក ថាក់ស៊ីន បានអះអាងថា ក្រុមប្រឹក្សាព្រះមហាក្សត្រ បានគាំទ្ររដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានទម្លាក់រដ្ឋាភិបាល របស់ប្អូនស្រី របស់គាត់គឺលោកស្រី Yingluck Shinawatra ។
ពាក្យបណ្តឹងដើមអំពីបទសម្ភាសន៍នេះ ត្រូវបានប្តឹងកាលពីឆ្នាំ ២០១៥ ដោយឧត្តមសេនីយ Udomdej Sitabutr ដែលពេលនោះជាអនុរដ្ឋមន្ត្រីការពារជាតិ នៅក្នុងរដ្ឋាភិបាលយោធា របស់ឧត្តមសេនីយ៍ Prayut Chan-o-cha ។
ឧត្តមសេនីយ Udomdej ណែនាំឲ្យអគ្គនាយកដ្ឋាន នៃអគ្គព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ លើលោក ថាក់ស៊ីន ដឹកនាំ OAG ដាក់ពាក្យបណ្តឹង។ ក្រោយមក តុលាការព្រហ្មទណ្ឌ បានទទួលយកសំណុំរឿងនេះមកកាត់ទោសកាលពីឆ្នាំ ២០១៥ ហើយបានចេញដីកាចាប់ខ្លួនលោក ថាក់ស៊ីន ដែលស្នាក់នៅក្រៅប្រទេស ហើយមិនបានត្រឡប់ទៅប្រទេសថៃ វិញរហូតដល់ខែសីហាឆ្នាំមុន ៕
ប្រែសម្រួលៈ ណៃ តុលា