ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ​ជំរុញ​ឱ្យ​អាមេរិក​ ដក​ការ​រឹតបន្តឹង​លើ​ការ​ដឹកជញ្ជូន​អាវុធ​

រូបភាពពី៖​ AFP

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ហ៊ូ បានជំរុញឱ្យសេតវិមាន លុបចោលការរឹតបន្តឹងទាំងអស់ លើការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ដែលបានដាក់ដោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជុំវិញការវាយលុកដីរបស់អ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា នៃតំបន់ហ្គាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលចេញផ្សាយដោយការិយាល័យរបស់លោក លោក ណេតាន់យ៉ាហ៊ូ បាននិយាយជាភាសាអង់គ្លេសថា “វាមិនអាចនឹកស្មានបានថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋបាលលោក បៃដិន បាននឹងកំពុងដកហូតអាវុធ និងគ្រាប់រំសេវដល់អ៊ីស្រាអែល” ។

លោកបានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន លោក Blinken បានធានាដល់លោកថា រដ្ឋបាលលោក បៃដិន កំពុងធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីលុបបំបាត់ការស្ទះទាំងនេះ។

កាលពីខែឧសភា មុនពេលរថក្រោះអ៊ីស្រាអែលវាយឆ្មក់លើទីក្រុងរ៉ាហ្វា លោក បៃដិន បានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្ត ចំពោះការការពាររបស់អ៊ីស្រាអែល ដោយសន្យាថានឹងផ្គត់ផ្គង់ឧបករណ៍ស្ទាក់ចាប់គ្រាប់រ៉ុក្កែតរបស់ Iron Dome និងអាវុធការពារផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានព្រមានថា ប្រសិនបើអ៊ីស្រាអែល ឈានទៅដល់ទីក្រុងរ៉ាហ្វា នោះ “យើងនឹងមិនផ្គត់ផ្គង់អាវុធ និងគ្រាប់កាំភ្លើងធំ ដែលបានប្រើសម្រាប់ការវាយប្រហារទៀតនោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top