ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា វៀតណាម និងរុស្ស៊ីបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ហើយបានព្រមព្រៀងគ្នា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយរបស់ពួកគេ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសវៀតណាម។
ក្នុងដំណើរទស្សនកិច្ចនេះ លោកពូទីនបានពិភាក្សាជាមួយសមភាគី វៀតណាមលោក To Lam ហើយអ្នកទាំងពីរបានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើឯកសារកិច្ច សហប្រតិបត្តិការទ្វេភាគីជាច្រើន លើវិស័យរួមមានការអប់រំ និងតុលាការ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Lam បានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម។
នៅថ្ងៃព្រហស្បត្តិ៍ លោក ពូទីន ក៏បានជួប និងពិភាក្សាជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man រៀងៗខ្លួន។
សម្រាប់ផ្នែករបស់លោកវិញ លោក ពូទីន បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានថា ភាគីរុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រលើ គ្រប់ជ្រុងជ្រោយរុស្ស៊ី និងវៀតណាម នេះបើយោងតាមវិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍។
មុនពេលទស្សនកិច្ច នៅវៀតណាម លោក ពូទីន ក៏បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើងផងដែរ ក្នុងអំឡុងពេលនោះ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
ប្រែសម្រួល ឈូក បូរ៉ា