ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល ថ្លែងថា ការប្រយុទ្ធគ្នាកាន់តែខ្លាំង ប្រឆាំងនឹងក្រុមហាម៉ាស់ ជិតដល់ទីបញ្ចប់ហើយ

AFP

យេរ៉ូសាឡឹម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស់ គឺ “ជិតដល់ទីបញ្ចប់ហើយ” ។

នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ14 របស់អ៊ីស្រាអ៊ែល លោក Netanyahu បានថ្លែងយ៉ាងដូច្នេះថា “ដំណាក់កាលដ៏ខ្លាំងក្លា នៃសង្រ្គាមនៅក្រុង Rafah ជិតបញ្ចប់ហើយ” ហើយកងកម្លាំងអ៊ីស្រាអ៊ែល “ជិតស្និទ្ធ” ក្នុងការបញ្ចប់ “ដំណាក់កាលខ្លាំងក្លា” នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ទាំងមូល ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា នេះមិនមានន័យថា ជាការបញ្ចប់ជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីបនោះទេ ហើយប្រតិបត្តិការនឹងបន្តជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងគោលដៅរបស់ក្រុមហាម៉ាស់ ។

លោក Netanyahu បានថ្លែងថា បន្ទាប់ពីការបញ្ចប់នៃ “ដំណាក់កាលខ្លាំងក្លា” នៅតំបន់ហ្គាហ្សា “យើងនឹងបន្តទៅភាគខាងជើង” ទៀត ដោយសំដៅទៅលើការព្រមានរបស់អ៊ីស្រាអ៊ែល ក្នុងការចាប់ផ្តើមសង្គ្រាមពេញលេញប្រឆាំងនឹងក្រុមប្រដាប់អាវុធលីបង់ Hezbollah ។

លោកបានថ្លែងថា កិច្ចព្រមព្រៀងណាមួយដើម្បីទទួលបានបទឈប់បាញ់នៅតាមព្រំដែនរវាងអ៊ីស្រាអ៊ែល និងលីបង់ ដែលកងកម្លាំងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡា បានធ្វើការបាញ់ប្រហារចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ “នឹងត្រូវបំពេញតាមលក្ខខណ្ឌរបស់យើង”ជាមុនសិន ។

លោកបានបញ្ជាក់ថា លោកនឹងយល់ព្រមចំពោះកិច្ចព្រមព្រៀងមួយដែលនឹងឃើញក្រុមហាម៉ាស់ ត្រូវដកចេញពីអំណាចនៅតំបន់ហ្គាហ្សា ស្ទ្រីប និងការដោះលែងចំណាប់ខ្មាំងប្រហែល១០០នាក់ដែលនៅតែឃុំខ្លួនក្នុងក្របខ័ណ្ឌប៉ាឡេស្ទីននោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top