ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដាក់ទិសដៅខ្ពស់ ទើបយើងប្រឹង ហើយអាចសម្រេចគោលដៅ

ភ្នំពេញ៖ ឆ្ហើយតបនឹងមតិមួយចំនួន ដែលសើចចំអកនូវទិសដៅ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទាល់តែដាក់ទិសដៅខ្ពស់ ទើបយើងប្រឹងខ្លាំង ហើយរួមគ្នាសម្រេចភារកិច្ចនេះបាន ។

ការថ្លែងគូសបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ។

សម្តេចធិបតី មានប្រសាសន៍ថា “នៅអាណត្តិទី៧នេះដូចគ្នា ទិសដៅនៅតែបន្តពីអាណត្តិទី៦ ដែលយើងដាក់ទិសដៅចេញ ២០៥០ ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ អ្នកខ្លះយកអាហ្នឹងមកឌឺ អ្នកខ្លះឆ្ងល់ថាហេតុអីយើងដាក់ទិសដៅខ្ពស់ ទាល់តែយើងដាក់ទិសដៅខ្ពស់ ទើបយើងប្រឹងខ្លាំង ហើយរួមគ្នាសម្រេចភារកិច្ចនេះ ដើម្បីប្រជាពលរដ្ឋរបស់យើង” ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ថា ដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចខាងលើនេះ ទាមទារឱ្យមានការដាក់ចេញ នូវទិសដៅច្បាស់លាស់ ។

ស​ម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា “ដើម្បីសម្រេចភារកិច្ច យើងត្រូវដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដែលមានអាទិភាពចាំបាច់ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដាក់ចេញនូវអាទិភាព៥ ដែលមាន កំណើនសេដ្ឋកិច្ច បង្កើតការងារ ប្រកបដោយសមធម៌ ធានាប្រសិទ្ធិភាព និងអភិវឌ្ឍដោយចីរភាព” ។

សម្តេចបន្តថា នៅក្នុងអាទិភាពគោលដៅទាំង៥នេះ ដើម្បីសម្រេចគោលដៅទាំងនេះ រាជរដ្ឋាភិបាលបានកំណត់ អាទិភាព សម្រាប់ការអភិវឌ្ឍន៍៥ រួមមាន៖ ទី១.ការធ្វើពិពិធកម្មប្រភពនៃកំណើន, ទី២.លើកកម្ពស់វិស័យឯកជន ជាពិសេសលើកកម្ពស់ទៅលើវិស័យ SME, ទី៣.លើកកម្ពស់ប្រព័ន្ធគាំពារសង្គម, ទី៤.ពង្រឹងការអប់រំ ចំណេះដឹងទូទៅ និងបំណិន និងទី៥គឺការពារបរិស្ថានដោយចីរភាព ។
ក្នុងនោះដែរសម្តេចធិបតី បានលើកឡើងថា ទិសដៅទាំង៥ខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលអនុវត្តន៍កន្លងមក ជាច្រើនរួចមកហើយ ក្នុងអាណត្តិទី៧នេះ៕

To Top