ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ រកឃើញប្រធានាធិបតីថ្មី ដែលទើបឈ្នះការបោះឆ្នោត

Afp

បរទេស៖យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធររៀបចំការបោះឆ្នោតជាតិនៃប្រទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃសៅរ៍ថា បេក្ខជនអ្នកជំនាញកំណែទម្រង់លោក Masoud Pezeshkian បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ ដោយទទួលបានសំឡេងគាំទ្រដល់ទៅ៥៣,៣ភាគរយ។

ប្រភពដដែលបានឲ្យដឹងថាការរាប់សន្លឹកឆ្នោតទាំងអស់ លោក Pezeshkian ទទួលបានសំឡេងគាំទ្រសរុប ១៦.,៤លានសំឡេង ខណៈដែលគូប្រជែងទទួលបាន១៣,៥លានសំឡេងនៃអ្នកចូលរួមបោះឆ្នោត៣០,៥លាននាក់ ឬត្រូវជា៤៩,៨ភាគរយនៃអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន៦១លាននាក់ ។

រំលឹកដែរថាការ​បោះឆ្នោត​ស្រួច​ត្រូវ​បាន​គេរៀបចំឡើងវិញទាំងស្រុងនៅក្រោយ​ការ​ស្លាប់​របស់​ប្រធានាធិបតី Ebrahim Raisi ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ខេត្ត​អាស៊ែបៃហ្សង់​ភាគ​ខាង​កើត​របស់​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ឧសភា។

យោងតាមច្បាប់របស់អ៊ីរ៉ង់ បេក្ខជនត្រូវទទួលបានយ៉ាងហោចណាស់៥០ភាគរយបូកមួយដូច្នេះហើយ បន្ទាប់ពីគ្មានបេក្ខជនណាសម្រេចបានលទ្ធផលនេះក្នុងជុំទីមួយនៅថ្ងៃទី២៨ខែមិថុនា ការបោះឆ្នោតបានឈានទៅដល់ការប្រដេញគ្នារវាងបេក្ខជនកំពូលទាំងពីរ។

លោកPezeshkian អាយុ៦៩ឆ្នាំគឺជាគ្រូពេទ្យវះកាត់បេះដូងហើយ ប្រែក្លាយ ខ្លួនទៅជា អ្នកនយោបាយដែលបានបម្រើការជារដ្ឋមន្ត្រីសុខាភិបាលក្នុងទសវត្សរ៍ឆ្នាំ២០០០និងជាអនុប្រធានទីមួយនៃសភាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០៕

ប្រែសម្រួល៖ស៊ុនលី

To Top