យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកនឹងយល់ព្រមលើកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ប្រសិនបើអនុញ្ញាតឱ្យអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន ឡើងវិញនៅតំបន់ហ្គាហ្សា បន្ទាប់ពីមានការដោះលែងចំណាប់ខ្មាំង។
ខណៈដែលអ្នកសម្រុះសម្រួលអន្តរជាតិរៀបចំ សម្រាប់កិច្ចចរចានាពេលខាងមុខនៅទីក្រុងគែរ ដើម្បីជំរុញការចរចា លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ពីលក្ខខណ្ឌ មិនអាចចរចាបានចំនួនប្រាំ ដើម្បីបញ្ចប់ជម្លោះរយៈពេល ៩ខែ។ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងណាមួយត្រូវតែ អនុញ្ញាតឱ្យអ៊ីស្រាអែល បន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា “រហូតដល់គោលដៅទាំងអស់ នៃសង្គ្រាមត្រូវបានសម្រេច” ។
លោក ក៏បានទទូចថាកិច្ចព្រមព្រៀង ត្រូវតែរារាំងក្រុមហាម៉ាស់ ពីការរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្គាហ្សាពីប្រទេសអេហ្ស៊ីប និងហាមឃាត់ការវិលត្រឡប់នៃ “ពួកសកម្មប្រយុទ្ធប្រដាប់អាវុធហាម៉ាស់រាប់ពាន់នាក់” ទៅកាន់ភាគខាងជើងហ្គាហ្សា។
ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចំណាប់ខ្មាំង លោក ណេតាន់យ៉ាហ៊ូ បានសន្យាថា នឹងធានាការដោះលែង ចំណាប់ខ្មាំងឱ្យបានច្រើនតាម ដែលអាចធ្វើទៅបានពីតំបន់ហ្គាហ្សា ជាកន្លែងដែលមនុស្សជាង ១០០ នាក់នៅតែជាប់ជាឈ្លើយសឹកដដែល ហើយអ្នកខ្លះទៀត ត្រូវបានគេបារម្ភថា បានស្លាប់បាត់ជីវិតទៅហើយ។
កាលពីថ្ងៃអាទិត្យផងដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានបញ្ជាក់ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងរក្សាប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹង ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានសម្រេចនៅហ្គាហ្សាក៏ដោយ។
លោក Gallant បានលើកឡើងថា ជម្លោះនៅតំបន់ហ្គាហ្សា និងនៅព្រំដែនភាគខាងជើងជាមួយក្រុមហេសបូឡា គឺជា “ផ្នែកពីរដាច់ដោយឡែកពីគ្នា” ដោយបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែល នឹងមិនត្រូវបានចងភ្ជាប់ដោយការអភិវឌ្ឍន៍ នៅក្នុងតំបន់ហ្គាហ្សានោះទេ លុះត្រាតែក្រុមហេសបូឡា បានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា