ព័ត៌មានជាតិ

៦ខែ អគ្គិភ័យ នៅទូទាំងប្រទេសកើតឡើង ៧៣៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៩នាក់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងចំនួន ៧៣៨លើក បានបណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួស ២៥នាក់, ឆេះផ្ទះ ៤៥០ខ្នង, តូប ៥០២តូប។

ក្នុងពិធិធ្វើសមយុទ្ធលំហាត់ពន្លត់អគ្គិភ័យ សង្គ្រោះ និងជម្លៀសមនុស្ស នៅផ្សារទំនើបអ៊ីអន១ ក្នុងន័យពង្រឹងស្មារតីដល់បុគ្គលិក មានភាពម្ចាស់ការគ្រប់គ្រាន់ និងបានយល់ច្បាស់អំពីវិធានការបង្ការ ទប់ស្កាត់ និងសង្គ្រោះបឋមនៅពេលមានហេតុការណ៍កើតឡើង នៅថ្ងៃទី១០ កក្កដា លោកឧត្តមសេនីយ៍ឯក នេត វន្ថាបានថ្លែងថា «ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើង ចំនួន៧៣៨លើក មានការកើនឡើង ២២២លើកធៀបនឹងឆ្នាំកន្លងទៅ។ ក្នុងចំណោមហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួស២៥នាក់, ឆេះផ្ទះ៤៥០ខ្នង, តូប៥០២តូប។ ដោយឡែក មូលហេតុមកពីចរន្ដអគ្គីសនី ៤១.៥៦ភាគរយ, ប្រើប្រាស់ភ្លើង ៣៩.៣៣ភាគរយ និងក្ដាប់មិនបាន១៩.១១ភាគរយ»។

ជាមួយគ្នានេះ លោកក៏បានលើកពីច្បាប់អគ្គិភ័យថា បានកំណត់តម្រូវឲ្យម្ចាស់គោលដៅ សហការជាមួយមន្ដ្រីជំនាញ ដូច្នេះសំណូមពរដល់ម្ចាស់ផ្សារ, សហគ្រាស, គ្រឹះស្ថាន និងអគារធំៗ គួរបង្កើនកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ បង្ការ និងពន្លត់អគ្គិភ័យ ពិសេសការធ្វើលំហាត់សមយុទ្ធរួមគ្នា ដើម្បីបញ្ច្រាបការយល់ដឹងបន្ថែមពីដល់បុគ្គលិក និងមន្ដ្រីរបស់ខ្លួន។

លោកឧត្តមសេនីយ៍ឯក ក៏បានបង្ហាញក្ដីព្រួយបារម្ភថា ស្របពេលកម្ពុជាកំពុងតែមានការអភិវឌ្ឍរីកចម្រើន វិស័យសំណង់អគារខ្ពស់ក៏មានកាន់តែច្រើន ប៉ុន្ដែប្រសិនបើម្ចាស់ទីតាំងទាំងនោះ មិនបានយកចិត្តទុកដាក់សហការជាមួយមន្ដ្រីជំនាញ ដើម្បីបញ្ច្រាបការយល់ដឹងអំពីវិធីសាស្ដ្រក្នុងការទប់ស្កាត់ និងបង្ការទេនោះ នៅពេលមានហេតុការណ៍កើតឡើង មន្ដ្រីជំនាញពិបាកក្នុងការជួយអន្ដរាគមន៍។

លោកឧត្តមសេនីយ៍ឯក កត់សម្គាល់ថា ផ្សារទំនើបអ៊ីអនគ្រប់សាខាទាំងអស់ គឺជាផ្សារទំនើបរបស់ជប៉ុនដ៏គំរូមួយ ដែលតែងផ្ដល់កិច្ចសហការល្អជាមួយកម្លាំងសមត្ថកិច្ច ពិសេសនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក្នុងការធ្វើសមយុទ្ធរួមគ្នា និងអប់រំផ្សព្វផ្សាយដល់បុគ្គលិក របស់ខ្លួនទាំង៣សាខា។ លោកចាត់ទុកថា នេះជាគំរូមួយដែលម្ចាស់ទីតាំងដ៏ទៃទៀតគួរអនុវត្តតាម។

ជាមួយគ្នានេះ លោក ជួ សុវណ្ណារ៉ា ប្រធានគ្រប់គ្រងផ្នែកសុវត្ថិភាព របស់ផ្សារទំនើបអ៊ីអនម៉ល បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនអ៊ីអនម៉ល សហការធ្វើសមយុទ្ធជាមួយនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៅពេលនេះ គឺអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈក្រុមហ៊ុនផ្ទាល់ ក៏មានម្ចាស់ការក្នុងការការពារគ្រោះមហន្ដរាយ ជាពិសេសគ្រោះអគ្គិភ័យតែម្ដង ដើម្បីបង្កើននូវទំនុកចិត្តជូនអតិថិជន ៕

To Top