ព័ត៌មានជាតិ

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ ខ្យល់កន្ត្រាក់ ពីថ្ងៃ១២-១៤

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៤ កក្កដា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នាថ្ងៃទី១២ កក្កដានេះ បានឲ្យដឹងថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចឹម មានល្បឿនមធ្យម ២,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០% ។

ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣២អង្សាសេ។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចឹមមានល្បឿនមធ្យម ៣,៥០ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។

ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម ២,៥០ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែបនិងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១៥%។ រីឯរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ ៕

To Top