កំពង់ឆ្នាំង៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាអណ្តូងមាស អណ្តូងប្រាក់ អណ្តូងសំណាងសម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ការចូលរៀនក្នុងកម្មវិធីនេះពលរដ្ឋ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលប្រចាំខែ ហើយថែមទាំងបានរៀនជំនាញដែលអាច អភិវឌ្ឍន៍ខ្លួនឱ្យចាកផុតពីភាពក្រីក្រទៀតផង។
នេះជាការថ្លែងរបស់ លោក ហេង សួរ រដ្ឋ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តកំពង់ឆ្នាំង ក្នុងពេលចុះផ្សព្វផ្សាយពីរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ពលរដ្ឋមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសផ្សព្វផ្សាយនោះ លោករដ្ឋមន្ត្រី បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីអត្ថប្រយោជន៍ នៃចូលរៀនក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀល ការចូលរៀនមិនទាមទារកម្រិតវប្បធម៌ ទោះបីរៀនចប់ថ្នាក់ទី១ ក៏អាចចូលរៀនបាន ហើយរៀនចប់បានសញ្ញាបត្រ ថែមទាំងរដ្ឋជួយរកការងារឱ្យធ្វើ ដោយទទួលបានប្រាក់ខែយ៉ាងតិចចាប់ពី ៨០ម៉ឺនរៀលឡើង។
លោករដ្ឋមន្រ្តីថ្លែងថា៖ «កុំឱ្យដោយសារជីវភាព អត់បានរៀនដល់បាក់ឌុបអត់បានអី អត់មានសញ្ញាបត្រ ឥឡូវរដ្ឋផ្តល់ឱកាសឱ្យមកចូលរៀនវគ្គបណ្តុះបណ្តាលនេះ ដោយមិនគិតពីប្រវត្តិអតីតកាលទេ ឱ្យតែមកចូលរៀន ខំរៀននឹងបានសញ្ញាបត្រ១ អ៊ីចឹងអនាគតរបស់កូន-ក្មួយ នឹងក្លាយទៅជាមនុស្សម្នាក់ ដែលមានជំនាញយកទៅប្រើបាស់១ជីវិត ហើយរាជរដ្ឋាភិបាលធានាជួយរកការងារឱ្យធ្វើទៀត»។
លោករដ្ឋមន្ត្រី បានលើកឡើងថា ការជួយសម្រួលដល់ប្រជាពលរដ្ឋ នៅក្នុងគ្រួសារក្រីក្របានចូលរៀនជំនាញ គឺជាការជួយឱ្យពួកគាត់ទទួលបាន ចំណូលបន្ថែមចាកឆ្ងាយពីភាពក្រីក្រ ដែលប្រសើរជាងនៅផ្ទះធ្វើការងារ តាមទម្លាប់ជាមួយឪពុកម្តាយ ឬទៅស៊ីឈ្នួលរកប្រាក់ដែល ទទួលបានចំណូលមិនទៀងទាត់ ៕