តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងអធិការបតី អាល្លឺម៉ង់លោក Olaf Scholz បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ សន្តិសុខនៅ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាកន្លែងដែលចិន បាននិងកំពុងបង្កើនវត្តមាន យោធារបស់ខ្លួន។
ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងប៊ែរឡាំង លោក គីស៊ីដា និងលោក Scholz ក៏បានបញ្ជាក់ផងដែរថា ប្រទេសរបស់ពួកគេនឹងបង្កើត ក្របខ័ណ្ឌសន្តិសុខសេដ្ឋកិច្ចចំពេល ដែលពួកគេចាត់ទុកថា ជាការផលិតរថយន្តអគ្គិសនី ហួសប្រមាណរបស់ចិន និងផលិតផលសំខាន់ៗ ផ្សេងទៀតដោយប្រើការឧបត្ថម្ភធនដ៏ធំ។
លោក គីស៊ីដា បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីអាល្លឺម៉ង់ថា “វាមានសារៈសំខាន់ណាស់ ដែលសម្ព័ន្ធមិត្ត និងប្រទេសដែលមានគំនិតដូចគ្នា ចាត់វិធានការឆ្លើយតបរួមចំពោះបញ្ហាប្រឈមក្នុងសន្តិសុខសេដ្ឋកិច្ច” ក្នុងនោះលោក Scholz ក៏បានអំពាវនាវឱ្យធ្វើការរួមគ្នា ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេស និងតំបន់មួយចំនួន។
ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លឿន កិច្ចសហប្រតិបត្តិការទ្វេភាគី មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ធ្វើកិច្ចចរចាអន្តររដ្ឋាភិបាលកម្រិតខ្ពស់ នៅប្រទេសអាល្លឺម៉ង់ ប្រហែលជានៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាសកល និងតំបន់យ៉ាងទូលំទូលាយ។
ប្រទេសជប៉ុន និងអាល្លឺម៉ង់ បានបើកកិច្ចសន្ទនាអន្តររដ្ឋាភិបាល កម្រិតខ្ពស់លើកដំបូង របស់ពួកគេ ដែលពាក់ព័ន្ធនឹង សមាជិក គណៈរដ្ឋមន្ត្រីជាច្រើននៅក្នុងខែមីនា ឆ្នាំ២០២៣ នៅពេលដែលលោក Scholz ដែលចូលកាន់តំណែងពីរខែ បន្ទាប់ពីលោក គីស៊ីដា បានក្លាយជានាយករដ្ឋមន្ត្រីក្នុងខែតុលា ឆ្នាំ២០២១ បានមកបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ៕
ប្រែសម្រួល ឈូក បូរ៉ា
Kyodo