បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ការបង្កើតកម្លាំងយោធា របស់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំង ពីសំណាក់ប្រេសិតពិសេស របស់ប្រទេសរុស្សី។
លោក Viktor Vasilyev តំណាងអចិន្ត្រៃយ៍ របស់រុស្ស៊ីប្រចាំអង្គការសន្ធិសញ្ញាសន្តិសុខ សមូហភាព ហៅកាត់ថាCSTO បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ៖ យើងអាចមើលឃើញហើយថា NATO កំពុងបង្កើតកងទ័ពនៅក្នុងតំបន់ ហើយកំពុងព្យាយាមបង្កើតសម្ព័ន្ធភាព និងប្លុកថ្មីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកបានបន្ថែមថា សកម្មភាពបែបនេះបង្កការគំរាមកំហែង មិនត្រឹមតែចំពោះរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់រដ្ឋសមាជិក CSTO ទាំងអស់ផងដែរ។
អង្គការCSTO គឺជាសម្ព័ន្ធភាពយោធា ដែលដឹកនាំដោយប្រទេសរុស្ស៊ីដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ដែលប្រមូលផ្តុំអតីតសាធារណរដ្ឋសូវៀត ចំនួនប្រាំមួយគឺ អាមេនី បេឡារុស្ស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងតាជីគីស្ថានហើយ គោលបំណងចម្បងរបស់វាគឺរក្សាសន្តិភាព និងស្ថិរភាពនៅអឺរ៉ាស៊ី៕
ប្រែសម្រួល៖ស៊ុនលី