ភ្នំពេញ ៖ រាជរដ្ឋាភិបាល បាលកំណត់យកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន សម្រាប់ប្រារព្ធពិធីដាំ បង្គោលផ្លាកសញ្ញា«មហាវិថី ស៊ី ជីនពីង» នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ។
ការប្រសិទ្ធនាមជា “មហាវិថី ស៊ី ជីនពីងនេះ ត្រូវបានសម្តេចមហាធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ភាគីស្ថានទូតចិនប្រចាំ នៅកម្ពុជា សម្ពោធជានិមិត្តរូប កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា“មហាវិថី ស៊ី ជីនពីង” គឺមានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាព ដែកថែប កម្ពុជា-ចិន ។
លោក បញ្ជាក់ថា មហាវិថី ស៊ី ជីនពីង មានតំណភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ប្រែក្លាយទៅជាតំបន់ក្រវាត់ក្រុងដ៏ធំ និងទំនើបមួយ បម្រើឱ្យការដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅផ្លូវជាតិលេខ១ ពិសេស តភ្ជាប់ទៅចំណតផែកុងតេន័រថ្មី របស់កំពង់ផែស្វយ័តភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញ ឲ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ ។
លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនដែរថា ការប្រសិទ្ធនាម កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” នេះ ជាសក្ខីភាពថ្មីមួយទៀត ជាអនុស្សាវរីយ៍ ជាប្រវត្តិសាស្រ្ត ដែលបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំ ដោយមានប្រវត្តិជាយូអង្វែង។ ជាពិសេសនោះលោក ស៊ីជីនពីង ប្រធានាធិបតីចិន បានដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រកម្ពុជាក្នុងបុព្វហេតុសន្តិភាព ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ជីវភាព របស់ប្រជាពលដ្ឋជាដើម ។
លោក បញ្ជាក់ថា ការប្រសិទ្ធនាមនេះ ក៏បានបង្ហាញផងដែរ នូវជំនឿជឿជាក់លើចំណងមិត្តភាព ជាប្រពៃណីដ៏យូរលង់រវាង កម្ពុជា-ចិន ដែលជាមិត្តដែកថែប និងត្បូងពេជ្រ ហើយត្រូវបានចារឹកជាប់ក្នុងបេះដូង របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់ជំនាន់មិនអាចបំភ្លេចបាន ។
លោក បញ្ជាក់ថា៖ « វាជាចំណែកមួយទៀត ដែលបង្ហាញពីកម្ពុជាចិន មិត្តដែកថែប មិត្តត្បូងពេជ្រ ដែលត្រូវចរឹកទុកក្នុងបេះដូង របស់ប្រជាពលរដ្ឋខ្មែរ យូរអង្វែងទៅទៀត ។ »
គួររម្លឹកដែរថា៖ កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលត្រូវបានប្រសិទ្ធនាមជា “មហាវិថី ស៊ី ជីនពីង” គឺជាកំណាត់ផ្លូវមេ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ និងចំណុចបញ្ចប់នៅគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ ប្រវែងសរុបជិត ៥៣ គីឡូម៉ែត្រ ត្រូវបានសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្ននេះជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ វិទ្យុមិត្តភាពកម្ពុជា ចិន