ព័ត៌មានជាតិ

ព្រឹទ្ធសភា អនុម័តយល់ព្រម លើរបៀបវារៈ ចំនួន១១

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេច និងអនុម័តយល់ព្រមនូវរបៀបវារៈ ចំនួន១១។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៧ កក្កដា បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច និងអនុម័តយល់ព្រមនូវរបៀបវារៈខាងក្រោម៖

១-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត។

២-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។

៣-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។

៤-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ។

៥-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។

៦-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌។

៧-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍។

៨-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី។

៩-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

១០-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។

១១-ពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមសមាជិកាព្រឹទ្ធសភា៕

To Top