កៀវ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន បានដឹកជញ្ជូនទំនិញ ចំនួន៥៧,៥លានតោនដោយឆ្លងកាត់ តាមច្រករបៀងសមុទ្រខ្មៅ ដែលនេះជាការនាំចេញទំនិញ នៅក្នុងអំឡុងពេលជិត១ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួន ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ដោយដកស្រង់ពីអាជ្ញាធរកំពង់ផែសមុទ្រអ៊ុយក្រែន ហៅកាត់ថា (USPA)បានឲ្យដឹងថា នៅក្នុងចំណោមទំនិញទាំងនោះ រួមមាន ៣៩លានតោនជាផលិតផលកសិកម្ម ។
លោក Yuriy Lytvyn ប្រធាន USPA បានបញ្ជាក់ថា “យើងបានធានាបរិមាណនាំចេញដែលមានស្ថិរភាព និងអាចព្យាករណ៍បាន ការដឹកជញ្ជូនតាមកុងតឺន័រ និងសេវាសាឡាងដែលបានស្ដារឡើងវិញ” ។
ក្នុងអំឡុងពេលប្រតិបត្តិការតាមច្រករបៀងនេះដែរ នាវាចំនួន២.០៥៩គ្រឿង ដែលផ្ទុកដោយទំនិញបានចាកចេញពីប្រទេសអ៊ុយក្រែន ទៅកាន់ប្រទេសចំនួន៤៦ ។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រទេសអ៊ុយក្រែន បានបង្កើត “ច្រករបៀងមនុស្សធម៌” សម្រាប់នាវាដឹកទំនិញនៅសមុទ្រខ្មៅ ជាជម្រើសជំនួសគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលបានបរាជ័យក្នុងការ នាំចេញនៅក្នុងខែកក្កដា នៅក្នុងឆ្នាំដដែលនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា