ព័ត៌មានអន្តរជាតិ

Update៖ FBI នឹងចូលរួមការស៊ើបអង្កេត លើការស្លាប់ពលរដ្ឋអាមេរិក២នាក់ ក្នុងចំណោមមនុស្ស៦នាក់ ក្នុងបន្ទប់សណ្ឋាគារទីក្រុងបាងកក

AFP

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា អ្នកស៊ើបអង្កេត FBI នឹងសហការ ជាមួយប៉ូលីសថៃ ដើម្បីស៊ើបអង្កេតការស្លាប់ របស់ជនជាតិវៀតណាម និងអាមេរិក ៦នាក់ នៅក្នុងបន្ទប់សណ្ឋាគារ មួយក្នុងទីក្រុងបាងកក ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ ថាវីស៊ីន បានប្រាប់សារព័ត៌មាន នៅថ្ងៃពុធថា FBI នឹងចូលរួមជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីស៊ើបអង្កេតការស្លាប់ របស់ភ្ញៀវទាំងប្រាំមួយនាក់ នៅឯសណ្ឋាគារ Grand Hyatt Erawan កណ្តាលទីក្រុងបាងកក ។

លោកបាននិយាយថា ការចូលរួមរបស់ FBI គឺដោយសារតែវត្តមានរបស់បុគ្គលសញ្ជាតិអាមេរិក ដើមកំណើតវៀតណាមពីរនាក់ក្នុងចំណោមជនរងគ្រោះ។

មុននេះសមត្ថកិច្ចថៃ បានបញ្ជាក់ថា ជនរងគ្រោះសញ្ជាតិអាមេរិកដើមកំណើតវៀតណាម២នាក់ និងជនជាតិវៀតណាម៤នាក់ ដែលមានអាយុចន្លោះពី៣៧ដល់៥៦ឆ្នាំ។

អ្នកនាំពាក្យក្រសួងការ បរទេសអាមេរិក លោក Matthew Miller បាននិយាយ នៅមុននេះបន្តិចថា មន្ត្រីសហរដ្ឋអាមេរិក បានដឹងអំពីរបាយការណ៍ នៃការស្លាប់របស់ពលរដ្ឋ អាមេរិកពីរនាក់ នៅទីក្រុងបាងកក ។

លោកបាននិយាយថា “យើងសូម ចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ ចំពោះគ្រួសារចំពោះការបាត់បង់ពួកគេ ។ យើងកំពុងតាមដានស្ថាន ការណ៍យ៉ាងដិតដល់ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយ កុងស៊ុលដល់គ្រួសារ ទាំងនោះ” នេះបើតាមការដកស្រង់ដោយ AP ៕
ប្រែសម្រួលៈ ណៃ តុលា

To Top