ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ថា លោកមិនចូលចិត្តការ ដាក់ទណ្ឌកម្មនោះទេ

RT News

បរទេស ៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការមន្ទិលសង្ស័យ លើការដាក់ទណ្ឌកម្ម ប៉ុន្តែបានគេចពីសំណួរថា តើលោកនឹងដកការរឹតបន្តឹងប្រឆាំង នឹងទីក្រុងម៉ូស្គូ ដែលជាផ្នែកនៃផែនការរបស់លោក ក្នុងការបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែរឬទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg ដែលបានកត់ត្រាកាលពីថ្ងៃទី ២៥ ខែមិថុនា ប៉ុន្តែបានផ្សាយទាំងស្រុងតែនៅថ្ងៃអង្គារប៉ុណ្ណោះ លោក Trump ត្រូវបានសួរថាតើលោកបាន “គិតទាំងស្រុងអំពីការបន្ធូរបន្ថយ ឬលុបបំបាត់ទណ្ឌកម្មលើរុស្ស៊ីដែរឬទេ”។

លោក Trump បាននិយាយដោយមិនបង្ហាញថាតើកិច្ចព្រមព្រៀងរបស់គាត់ដើម្បីបញ្ចប់ជម្លោះនឹងពាក់ព័ន្ធនឹងការដកទណ្ឌកម្មដែរឬទេ នោះថា “បាទ។ ដូច្នេះ អ្វីដែលយើងកំពុងធ្វើជាមួយនឹងការដាក់ទណ្ឌកម្ម គឺយើងកំពុងបង្ខំអ្នករាល់គ្នាចាកចេញពីយើង។ ដូច្នេះ ខ្ញុំមិនចូលចិត្តការដាក់ទណ្ឌកម្មនោះទេ។ ខ្ញុំបានរកឃើញថា ទណ្ឌកម្មមានប្រយោជន៍ខ្លាំងណាស់ជាមួយអ៊ីរ៉ង់ ប៉ុន្តែខ្ញុំក៏មិនត្រូវការទណ្ឌកម្មជាមួយអ៊ីរ៉ង់ច្រើនពេកនោះដែរ។ ខ្ញុំបានប្រាប់ចិនថា ហើយរុស្ស៊ីក៏ស្ថិតក្នុងជំហរស្រដៀងគ្នា…” ។

លោក Trump បាននិយាយនៅចំណុចមួយផ្សេងទៀតនៅក្នុងបទសម្ភាសន៍ថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងខ្ញុំទាក់ទងគ្នាបានល្អណាស់ ជាមួយនឹងទំនាក់ទំនងរបស់យើង។ យើងមិនដែលស្ថិតក្នុងគ្រោះថ្នាក់នៃសង្គ្រាមទេ។ គាត់នឹងមិនដែលបានចូលអ៊ុយក្រែនទេ”។

ទោះបីជាមានការសង្ស័យលើការដាក់ទណ្ឌកម្មក៏ដោយ ក្នុងអំឡុងពេលកាន់តំណែង គឺលោក Trump មិនដែលបន្ធូរបន្ថយទណ្ឌកម្មពីសម័យលោក Obama លើទីក្រុងមូស្គូជុំវិញគ្រីមៀ ហើយបានកំណត់គោលដៅរុស្ស៊ី ជាមួយនឹងការរឹតបន្តឹងបន្ថែមដើម្បីពន្យារពេល ការសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 ទៅកាន់សហភាពអឺរ៉ុប ៕
ប្រែសម្រួលៈ ណៃ តុលា

To Top